ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) នៅថ្ងៃទី២២ ខែមេសា បានប្រកាសដាក់ឱ្យដំណើរការនូវ «កម្មវិធីស្វែងរកទីតាំងថត»។ នេះគឺជាយុទ្ធសាស្ត្រគាំទ្រដល់ផលិតកម្មកម្រិតសកល រួមមាន ភាពយន្ត, កម្មវិធីទូរទស្សន៍, ភាពយន្តឯកសារ និងវិស័យពាណិជ្ជកម្ម ដោយជួយសម្រួលដល់ក្រុមការងារផលិតកម្ម ក្នុងការចុះមកពិសោធ និងស្វែងយល់ផ្ទាល់ពីសក្ដានុពលនៃទីតាំងថតភាពយន្តនៅក្នុងប្រទេសកម្ពុជា។
តាមរយៈគំនិតផ្ដួចផ្ដើមនេះ CTB នឹងផ្តល់ការគាំទ្រដល់ផលិតករភាពយន្តអន្តរជាតិ អ្នកដឹកនាំរឿង និងអ្នកគ្រប់គ្រងទីតាំងថតសម្រាប់ការចំណាយលើការស្នាក់នៅ និងធ្វើដំណើរក្នុងស្រុករយៈពេលរហូតដល់ ៥ ថ្ងៃ ក្នុងអំឡុងពេលដំណាក់កាលស្វែងរកទីតាំងថត។ ការគាំទ្រនេះ រួមមាន ការស្នាក់នៅ, ការដឹកជញ្ជូនតាមផ្លូវគោក, សេវាអ្នកសម្របសម្រួល ឬមគ្គុទ្ទេសក៍, ការសុំលិខិតអនុញ្ញាតផ្សេងៗ និងថ្លៃសំបុត្រចូលទស្សនាតាមឧទ្យានជាតិ និងរមណីយដ្ឋានបេតិកភណ្ឌនានា។
ជាការពិតណាស់ វិស័យភាពយន្ត ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ និងវប្បធម៌ ដែលអាចទាក់ទាញក្រសែភ្នែករបស់អ្នកទេសចរ តាមរយៈការមើលឃើញពីភាពស្រស់ស្អាត និងការចង់ស្វែងយល់ពីទីតាំងទាំងអស់នោះ ដែលផលិតករភាពយន្ត ឬអ្នកដឹកនាំ បានផ្តិតយក នៅក្នុងខ្សែភាពយន្តរបស់ពួកគេ។ ប្រទេសកម្ពុជាគឺជាទីតាំងដ៏ទាក់ទាញមួយសម្រាប់ផលិតកម្មភាពយន្តអន្តរជាតិ និងហូលីវូដ ដោយសារមានប្រាសាទបុរាណ ទេសភាពធម្មជាតិ និងប្រវត្តិសាស្ត្រដ៏ជក់ចិត្ត។ ភាពយន្តហូលីវូដល្បីៗមួយចំនួនដែលបានថតនៅលើទឹកដីកម្ពុជាមានដូចជា៖
Lara Croft: Tomb Raider (២០០១): ថតនៅប្រាសាទតាព្រហ្ម ខេត្តសៀមរាប ដែលធ្វើឲ្យពិភពលោកស្គាល់ប្រាសាទនេះកាន់តែច្បាស់។
The Creator (២០២៣): ភាពយន្តបែបវិទ្យាសាស្ត្រ (Sci-Fi) ដែលបានថតនៅតំបន់កំពង់ភ្លុក និងប្រាសាទមួយចំនួនក្នុងខេត្តសៀមរាប។
First They Killed My Father (២០១៧): ភាពយន្តខ្នាតអន្តរជាតិដែលដឹកនាំដោយ Angelina Jolie ថតនៅកម្ពុជា ដោយរៀបរាប់ពីរឿងរ៉ាវក្នុងសម័យខ្មែរក្រហម។
Onoda: 10,000 Nights in the Jungle (២០២១): ភាពយន្តប្រវត្តិសាស្ត្រជប៉ុន ដែលបានប្រើប្រាស់ទឹកដីកម្ពុជាជាទីតាំងថតជំនួសកោះលូប៉ាង ប្រទេសហ្វីលីពីន ជាដើម៕
