ភ្នំពេញ៖ នៅចុងសប្ដាហ៍កន្លងទៅនេះ កីឡាករ កីឡាការិនី ១៨៥នាក់ បាន​ចូល​រួម​ប្រកួត​ប្រជែង​លើ​១១​វិញ្ញាសា​នៃ​ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ដណ្តើមជើងឯក ENEOS ឆ្នាំ២០២៦ ហើយ​ព្រម​ទាំង​បាន​បង្ហាញ​ពី​គុណភាពបច្ចេកទេសប្រកួតប្រជែងដ៏ខ្លាំងក្លាជាងមុនទៀតផង។

លោក ពេជ្រ សុខា អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ដណ្តើមជើងឯក ENEOS ឆ្នាំ២០២៦ លើក​ឡើង​ថា នេះជាថ្ងៃប្រកួតដ៏ធំប្រចាំឆ្នាំនេះ ដែលមានកីឡាករ កីឡាការិនីជាតិ-អន្តរជាតិ​ចូល​រួម​សរុប​ ១៨៥នាក់ ក្នុងនោះមានកីឡាករមកពី៩ប្រទេស ដោយបែងចែក​ជា​១១​វិញ្ញាសា​តាម​កម្រិត​អាយុ និងClass នីមួយៗ។

លោកបន្តថា ថ្វីដ្បិតតែឆ្នាំនេះមានការឧបត្ថម្ភតិចតួចក៏ពិតមែន ប៉ុន្តែគុណភាពនៃការរៀបចំ ការ​គាំទ្រ​របស់​កីឡាករ កីឡាការិនី និងមហាជនគឺពិតជាអស្ចារ្យ ដោយសារ​តែ​ការ​ចូល​រួម​ប្រកួត​ច្រើន​រហូត​ដល់​ជិត ២០០នាក់។ Class C1 កំពុងបោះជំហានរីក​ដុះដាល​ផ្នែក​បច្ចេក​ទេសគួ​រ​ឱ្យ​កត់​សម្គាល់​ បើទោះបីជានេះជាកម្រិតClass ដំបូងក៏ពិតមែន តែការចូលរួម​ក្នុង​វិញ្ញាសា​នេះ​មាន​កីឡាករ​ចូល​រួមរហូតដល់ ៤០នាក់ ខណៈអ្នករៀបចំ​កំពុង​ជំរុ​ញ​លើ​កម្រិត​ធនធាន​ថ្នាល​នេះ​ឱ្យ​មាន​សន្ទុះ​គុណភាពកាន់តែល្អ។

ជាមួយគ្នានេះ កីឡាករបរទេសមកពីអង់គ្លេស និងកីឡាករជ័យលាភីតាម Class នីមួយ​ៗ​បាន​បង្ហាញ​ក្តី​រីករាយ ក្នុងការចូលរួមប្រកួតប្រជែងដ៏ស្វិតស្វាយ ដែលសុទ្ធ​សឹង​តែ​មាន​ការ​ចូល​រួម​ពី​កីឡាករ​លំដាប់​ខ្លាំងៗតែម្តង៕