ភ្នំពេញ៖ 

បុរសម្នាក់ ត្រូវរថយន្តកិនស្លាប់នៅនិងកន្លែង ហើយ នារីជាគូដណ្ដឹងនិងនារីម្នាក់ទៀត បានរងរបួសធ្ងន់ស្រាល ខណៈពេលជិះម៉ូតូបុកម៉ូតូ១គ្រឿងឆ្លងផ្លូវ ដួលហើយរថយន្ត Lexus RX300 មកពីក្រោយ កិនចំដងខ្លួន។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង២និង១៥ នាទីរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវភ្នំពេញ ហាណួយ (១០១៩ ) ក្នុងភូមិ អន្លង់ក្ងាន សង្កាយឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ឈ្មោះផាន សុខសាន្ត ភេទប្រុស អាយុ២៥ឆ្នាំ មានអាសយដ្ឋាន ភូមិជីនាងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្ត កំពង់ធំ។

ចំណែកនារីជាគូដណ្តឹងរងរបួស ឈ្មោះ វឿន សុខលី ភេទស្រី អាយុ ២០ ឆ្នាំជានិស្សិត។ ចំណែកអ្នកបើកបររថយន្តបង្ក ឈ្មោះឡុង ចិន អាយុ៤៣ឆ្នាំ អាស័យដ្ឋានបច្ចុប្បន្ន បន្ទប់ជួលភូមិប៉ប្រក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញត្រូវឃាត់ខ្លួន ចាត់ការ តាមច្បាប់។

តាមសាក្សីបានឲ្យដឹងថានៅមុនពេលកើតហេតុ ជនរងគ្រោះពីរនាក់គូដណ្ដឹង បានជិះម៉ូតូ មួយគ្រឿង ម៉ាក Beat ពណ៌ស ពាក់ផ្លាកលេខ កំពត 1U-8437 ដោយធ្វើដំណើរក្នុង ទិសដៅពីត្បូងមកជើង។ ខណៈពេលធ្វើដំណើរមកដល់ត្រង់ចំណុចខាងលើ ក៏បានបុក ជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក Beat ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1LE-1309 បើកបរដោយនារីម្នាក់ដែលបង្អង់ល្បឿនបត់ឆ្លងផ្លូវ បណ្ដាលឲ្យដួល។

ស្របពេលនោះ ក៏មានរថយន្តមួយគ្រឿង ម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 2B-4171 ធ្វើដំណើរមកពីក្រោយ ក៏បានកិនបុរសដែលជាគូដណ្តឹងបណ្ដាលឲ្យស្លាប់នៅនិងកន្លែង។ ចំណែកនារីជាគូដណ្ដឹង បានរងរបួសស្រាល។ ដោយឡែក នារីម្នាក់ទៀត ដែលបើកម៉ូតូមួយគ្រឿងទៀត ក៏បានរងរបួសធ្ងន់។ ភ្លាមៗនោះ អ្នកបើកបររថយន្តរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន៕