ភ្នំពេញ៖
ទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យាOnline Scamនៅចំណុចដីឡូតិ៍មួយកន្លែង ក្នុងភូមិស្លែងរលើង នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះបង្ក្រាបឆែកឆេរដោយឃាត់ខ្លួនជនជាតិបរទេសចំនួន២០នាក់ រួមមាន៖ជនជាតិចិន១៩នាក់ និងស្រ្តីគីជីស៊ីស្ថានម្នាក់ព្រមទាំងដកហូតវត្ថុតាងប្រព្រឹត្តិបទល្មើស ជាច្រើន។
ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដោយបញ្ជាផ្ទាល់ពីឯ.ឧ ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនិងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។
តាមព័ត៌មាន បានឲ្យដឹងថាដោយមានការស្រាវជ្រាវពីកម្លាំងជំនាញពីទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scam កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថនិងអាជ្ញាធរ ចុះបង្ក្រាបឆែកឆេរតែម្ដង។
នៅក្នុងប្រតិបត្តិការនោះ កម្លាំងគណៈបញ្ជាការឯកភាព បានឃាត់ខ្លួនជនបរទេសសរុប ២០នាក់,ស្រី០២នាក់ មាន០២សញ្ជាតិ ក្នុងនោះចិន១៩នាក់ , គីជីស្ថាន០១នាក់ ព្រមទាំងដកហូតសម្ភារៈជាវត្ថុតាងប្រព្រឹត្តបទល្មើស រួមមាន៖ទូរស័ព្ទដៃ ចំនួន ៨៤៦គ្រឿង, ធុង CPU ចំនួន ៥១គ្រឿង,អេក្រង់ MONITOR ចំនួន៥៤គ្រឿង,ស៊ីមកាតអន្តរជាតិមួយចំនួន។ ចំណែកឯ សម្ភារៈវត្ថុតាង ក្នុងឃ្លាំងរក្សាទុក មានកុំព្យូទ័រលើតុ ALL IN ONEចំនួន ៣១គ្រឿង, ធុង CPU ចំនួន ០២គ្រឿងនិង អេក្រង់ MONITOR ចំនួន ១៨គ្រឿង។
ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕
