ភ្នំពេញ៖

ទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scamមួយកន្លែង ស្ថិតក្នុងបុរីកំបូលស៊ីធី ផ្ទះលេខ៦២C ផ្លូវលេខ០២  ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះបង្ក្រាប ដោយឃាត់ខ្លួនជនជាតិបរទេសចំនួន ១៤នាក់ ក្នុងនោះជនជាតិបង់ក្លាដេស០៥ នាក់និងប៉ាគីស្ថាន ០៩ នាក់ព្រមទាំងដកវត្ថុតាមជាច្រើន។ 

 ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌកំបូល និងដោយមានការសម្របសម្រួលពីលោក សូ សុវិទ្យា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ 

ក្នុងការឆែកឆេរនេះដែរ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិបរទេសចំនួន១៤នាក់ ក្នុងនោះ ជនជាតិបង់ក្លាដេស០៥ នាក់និងប៉ាគីស្ថាន ០៩ នាក់។ ក្រៅពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ច ក៏បានដកហូតសម្ភារៈវត្ថុតាងមានដូចជា ទូរសព្ទដៃ ចំនួន ៥៧ គ្រឿង, កុំព្យូទ័រ (All-in-one)ចំនួន ០៥ គ្រឿងនិងស៊ីមកាត ប្រភេទស៊ីមបរទេសមួយចំនួនធំ។ 

‎លទ្ធផលកោសលវិច័យ រកឃើញជនសង្ស័យប្រើប្រាស់ប្រទេសកម្ពុជាប្រព្រឹត្តបទល្មើសឆបោក online scam ក្រោមរូបភាពផ្តល់ការងារ។បច្ចុប្បន្ន ជនបរទេសទាំង១៤នាក់ រួមនិងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងជំនាញនាំយកទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីសាកសួរនិងចាត់ការតាមច្បាប់យ៉ាងតឹងរ៉ឹងបំផុត៕