ភ្នំពេញ៖
ស្រ្តីជាគ្រូទាយ «ម៉ែរក្សា» ដែលមានឈ្មោះ នី សម្បត្ដិ ត្រូវសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅពន្ធធនាគាររាជធានីភ្នំពេញ (PJ)ដោយចោទប្រកាន់ពីបទ«ញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» និងបទ «ប្រមាថ (នគរបាល ជាតិ)» ។
តាមដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះ នី សម្បត្តិ ត្រូវបានតំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» និងបទ «ប្រមាថ (នគរបាលជាតិ)» ប្រព្រឹត្តនៅកម្ពុជា កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា៤៩៤, មាត្រា៤៩៥ និងមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថាកាលពីរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ស្រ្តីគ្រូទាយ «ម៉ែរក្សា» បាន ចូលទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពេលដែលគាត់បង្ហោះតាម បណ្តាញសង្គម ដោយសំដៅថា គាត់មានលុយ គាត់មានខ្សែនគរបាល ។ គាត់ អាចឲ្យនគរបាលទៅចាប់នរណាក៏បាន ដែលមានជម្លោះជាមួយគាត់។
បន្ទាប់ពីមានការស៊ែរតៗគ្នានិងរិះគន់នៅក្នុងបណ្ដាញសង្គម លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បាន បញ្ជាឲ្យសមត្ថកិច្ចជំនាញអញ្ជើញធ្វើការអប់រំជាលើកទី២និងបញ្ជូនទៅចាត់ការតាមច្បាប់តែម្ដង។ សូមបញ្ជាក់ថាកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ «ម៉ែរក្សា» ធ្លាប់បានចូលទៅបំភ្លឺនៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យបញ្ឈប់ឡាយរឿងប្តី២នាក់នៅតាមបណ្តាញ សង្គមដែលធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ ដល់ស្រ្តីខ្មែរ៕
