តារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត រួមដៃគ្នាដោយក្តីមោទនភាព នាំយកទស្សនីយភាពបទចម្រៀង “ទេវរាជ” លើកឆាក ROUND Festival ក្នុងប្រទេសហ្វីលីពីន

Entertainment • April 20, 2026
 តារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត  រួមដៃគ្នាដោយក្តីមោទនភាព នាំយកទស្សនីយភាពបទចម្រៀង “ទេវរាជ” លើកឆាក ROUND Festival ក្នុងប្រទេសហ្វីលីពីន

ជាក្តីមោទនភាពសារជាថ្មីម្តងទៀតក្នុងនាមសិល្បករតំណាងព្រះរាជាណាចក្រកម្ពុជា តារាចម្រៀង  ហ៊ីបហប និង R&B ទេព បូព្រឹក្ស ហៅ TBP និង Rapper ជី ដេវីត បានដឹកដៃគ្នាទៅចូលរួមការសម្ដែងដ៏ពិសេសក្នុងកម្មវិធី ROUND Festival របស់ KBS ជាលើកទី២ ដែលប្រារព្ធឡើងនៅប្រទេសហ្វីលីពីន សម្រាប់ឆ្នាំ២០២៦ នេះ។ 

ដោយនៅក្នុងការបង្ហាញលើវេទិកានៃការប្រគុំតន្រ្តីនោះ ទេព បូព្រឹក្ស បាននាំយកនូវទស្សនីយភាព វប្បធម៌ទៅជាមួយ តាមដែលអាចធ្វើបាន មានទាំងបុរាណ និងសម័យ ក្នុងបំណងប្រាថ្នារបស់អ្នកនាង ដែលតែងតែគិតថាបើមានឱកាសទៅសម្ដែងនៅលើឆាកអន្តរជាតិទោះទៅដល់ទីណាក៏ដោយឲ្យតែមានឱកាស អ្នកនាងនឹងយកសិល្បៈវប្បធម៌បុរាណទៅបង្ហាញដល់ទីនោះ។

ទេពបូព្រឹក្ស សង្កត់ធ្ងន់ថា៖ បើមានអ្នកពេញចិត្ត មិនពេញចិត្តក្ដី សូមឲ្យគិតថាអ្វីដែលរូបនាងធ្វើគឺធ្វើចេញពីចិត្ត ធ្វើដោយសេចក្ដីពិត ទោះជាដឹងថាអ្នកធ្វើចាំតែខុសក៏ដោយ រឿងខ្លះដែលមិនចូលចិត្តរឿងបុគ្គលទុកមួយឡែកសិនទៅ ព្រោះពួកយើងជាឈាមខ្មែរតែមួយ។

ក្នុងដំណើរដែលចេញទៅសម្ដែងនៅហ្វីលីពីនលើកនេះ ក៏មានការចូលរួមពីសំណាក់ស្វាមីសំណព្វចិត្ត គឺតារារ៉េប ងួន ចាន់ដេវីត ផងដែរ មិនខុសពីការទៅសម្ដែង ROUND Festival លើកដំបូងរបស់អ្នកនាងនៅប្រទេសម៉ាឡេស៊ីឡើយ។

ការសម្ដែងនៅហ្វីលីពីន ធ្វើឡើងនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៦ នេះ ជាការរួមចំណែកចុងក្រោយរបស់អ្នកនាង ទេព បូព្រឹក្ស ក្នុងការនាំយកសិល្បៈវប្បធម៌ខ្មែរលើឆាកអន្តរជាតិ ដែលរូបនាងធ្លាប់បានចូលរួមជាមួយ ROUND Festival នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃ ២១,២២ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ។ នាគ្រានោះទេព បូព្រឹក្ស បានបញ្ចូលបទចម្រៀងមាន សិល្បៈវប្បធម៌ខ្មែរដូចជា        ល្ខោនខោល , របាំមណីមេខលា និងអប្សរា ត្រូវបានយកទៅបង្ហាញលក្ខណៈទ្រង់ទ្រាយធំបែបនេះនៅលើឆាកតន្ត្រីនៅក្នុងទីក្រុងកូឡាឡាំពួរ។

គួរបញ្ជាក់ថា អ្នកនាង ទេព បូព្រឹកស្ស បានចេញដំណើរពីកម្ពុជា និងនាំក្រុមការងារសិល្បៈបុរាណ  ជាច្រើនរូប ដើម្បីសម្ដែងលើឆាកតន្រ្តីជាមួយអ្នកនាងផងដែរ កាលពីល្ងាចថ្ងៃ ១៦ ខែមេសា ឆ្នាំ ២០២៦៕






x Enlarged Image