ភ្នំពេញ៖
បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាម ៗ ក្រោយពេលជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកពីរថយន្តតាក់ស៊ី WOW NOW ចំពីក្រោយយ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩:៣០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាពេលកើតហេតុ គេឃើញរថយន្តតាក់ស៊ី WOW NOW ពណ៌ស ១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2CF-5835 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ 60 ម៉ែត្រទិសដៅពីលិចទៅកើត។ លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុគល់ស្ពានមរតកតេជោ ស្រាប់តែគេឃើញមានម៉ូតូម៉ាក(កាហ្វេ)ពណ៌ខ្មៅមួយគ្រឿងគ្មានស្លាកលេខ ជិះដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាតាមបណ្ដោយផ្លូវ 60 ម៉ែត្រពីលិចទៅកើតក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកពីក្រោយរថយន្តតាក់ស៊ី WOW NOWយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសជនរងគ្រោះជាម្ចាស់ម៉ូតូ ប៉ើងទើរលើដំបូលរថយន្ត រងរបួសធ្ងន់ ។
ភ្លាមនោះ ក៏មានប្រជាពលរដ្ឋជួយលើកជនរងគ្រោះមកក្រោមវិញ ហើយទាក់ទងហៅរថយន្តសាមុយ អោយមកដឹកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ រីឯតៃកុងរថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
