ភ្នំពេញ៖
អគារខុនដូរ ZHUOYUFENG (ចូវ យូ ហ្វេង) ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះឡោមព័ទ្ធឆែកបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយឃាត់ខ្លួនជនបរទេសចំនួន ៥៥នាក់ និង ដកហូតគ្រឿងញៀនប្រមាណ១០ គីឡូក្រាម ព្រមទាំងវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួនធំ។
ការបង្ក្រាបករណីឆបោកនិងជួញដូរគ្រឿងញៀនឆ្លងដែននេះ ធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១១ព្រឹក នៅទីតាំងអគារខុនដូរ ZHUOYUFENG លេខ៥២៤ ផ្លូវបេតុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះ ក្រោមការបញ្ជាការផ្ទាល់ពីឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយក្រុមការងារចម្រុះដឹកនាំ ដោយលោក ហ៊ុន សុរិទ្ធី និង លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ពូ ដាវី មេបញ្ជាការរងកងរាជអាវុធរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក សេង ហៀង និងលោក ថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ។
យោងតាមរបាយករណ៍ បានឱ្យដឹងថា លទ្ធផលនៃប្រតិបត្តិការបង្ក្រាបកម្លាំងចម្រុះ បានរកឃើញជនបរទេសចំនួន ៥៥នាក់ ក្នុងនោះមានជនបរទេសស្នាក់នៅខុសច្បាប់ (គ្មានលិខិតឆ្លងដែន លើសទិដ្ឋាការចំនួន ៤៤នាក់។ ជនបរទេសប្រព្រឹត្ត Online Scam មានជនជាតិវៀតណាមចំនួន ១១នាក់ (ស្រី ០៣នាក់)ព្រមដកហូត វត្ថុតាងចាប់យក រួមមាន៖ កុំព្យូទ័រយួរដៃ ចំនួន ១៤គ្រឿង, ទូរស័ព្ទដៃចំនួន ០៦គ្រឿង និងគ្រឿងញៀនចម្រុះ ទម្ងន់មានទម្ងន់សរុបប្រហែល ១០គីឡូក្រាម។
ជាលទ្ធផល កោសល្យវិច័យជួញដូរគ្រឿងញៀននិងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ក្រោមរូបភាពអូសទាញឱ្យជនរងគ្រោះដាក់ប្រាក់ដើម្បីទទួលបានប្រាក់ចំណេញ។ ចំពោះមនុស្សនិងវត្ថុតាងខាងលើ ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕
