(កណ្ដាល)៖ 

ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់អំពីហេតុការណ៍និងមូលហេតុ ជុំវិញករណីចាប់ជំរិតសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំ នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៦ ។

សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាននេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល  កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បើកការស្រាវជ្រាវលើករណីនេះ។

ជនរងគ្រោះឈ្មោះ រតនា ម៉េងស៊ីម ភេទស្រី អាយុ៥ឆ្នាំ មានឪពុកឈ្មោះ ទេព រតនា អាយុ៣០ឆ្នាំ មុខរបរលក់ដូរ និងម្ដាយឈ្មោះ ជឿន ស៊ីនួន ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ លក់ដូរ។ អ្នកទាំងពីរ មានទីលំនៅភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ 

ជនដៃដល់ ឈ្មោះ គីម វណ្ណា អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាពូសាច់ថ្លៃ។ ចំពោះវត្ថុតាងចាប់យកមាន៖ ទូរសព្ទដៃ១គ្រឿងម៉ាក Nokia (អិនចុចពិល) ពណ៌ខៀវ និងទូរស័ព្ទដៃ១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ (ជារបស់ជនសង្ស័យ)។

នៅចំពោះមុខសមត្ថកិច្ច ជនសង្យ័យ ឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពតែម្នាក់ឯង ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស ពិតប្រាកដមែន ។ មូលហេតុចាប់ជំរិត និង សម្លាប់ក្មេងស្រី ជនសង្ស័យឆ្លើយថា ដោយសារម្តាយជនរងគ្រោះមើលងាយក្រុមគ្រួសារខ្លួន និងខ្ចីលុយពីម្តាយជនរងគ្រោះ មិនបាន។

ឪពុកម្តាយជនរងគ្រោះ មានទីលំនៅភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅរៀងរាល់ថ្ងៃសោរ៍ ឬថ្ងៃអាទិត្យ តែងតែងនាំជនរងគ្រោះទៅ លេងជីដូន ជីតា នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ដែលទល់មុខគ្នា ជាមួយផ្ទះជនសង្ស័យ ទើបជនសង្ស័យមានឱកាសធ្វើសកម្មភាពទៅលើជនរងគ្រោះ តែម្តង។ បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕