តាកែវ ៖ 

អ្នកបង្ហោះម៉ូតូធំម្នាក់នៅតាមផ្លូវជាតិ ក្នុងទឹកដីខេត្តតាកែវ ដែលទទួលរងប្រតិកម្មច្រើនពីមហាជននោះ នៅពេលនេះ ត្រូវបាននគរបាលចាត់ការតាមច្បាប់ហើយ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាក់ថា អ្នកបើក ម៉ូតូធំដែលបង្ហោះតាមផ្លូវនេះ ត្រូវបានកម្លាំងនគរបាលរបស់លោកតាមឃាត់ខ្លួន យកមកសួរនាំតាំងពីថ្ងៃទី១៩ ខែឧសភា នេះ មកម្ល៉េះ។

សម្រាប់បុគ្គលរូបនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោស្នងការ បញ្ជាក់ថា គាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយសារម៉ូតូអត់ពន្ធ ម៉ូតូអត់ស្លាកលេខ និងគ្មានបណ្ណបើកបរ រួមជាមួយការបង្ហោះម៉ូតូបង្កអនាធិបតេយ្យតាមដងផ្លូវ។

សូមជម្រាបថា អ្នកបើកម៉ូតូធំម្នាក់នេះ មានឈ្មោះ ឡាយ ឈៀង អាយុ២៧ឆ្នាំ មុខរបរលក់ឡាន រស់នៅភូមិឡូរី សង្កាត់រការក្នុង ក្រុងដូនកែវ តាកែវ ៕