ភ្នំពេញ៖

បុគ្គលគ្រងស្បង់ចីវរ ក្លែងជាសង្ឃ និមន្តបិណ្ឌនៅតាមផ្សាររោងចក្រនិងនានា ចំនួន៩នាក់ ត្រូវបានអនុគុណខណ្ឌពោធិសែនជ័យ ដាក់កម្លាំងឃាត់ខ្លួន រួចបញ្ជូនទៅដោះស្បង់ជីវរចេញ នៅវត្តសសរ១០៨ត្រពាំងឈូក រួចប្រគល់ទៅឲ្យសមត្ថកិច្ចដើម្បីចាត់ការតាមច្បាប់និងព្រះសង្ឃ១អង្គ ត្រូវបាននិមន្ត ទៅអប់រំណែនាំតាមធម៌វិន័យនិងធ្វើកិច្ចសន្យា ជាមួយសាលាអនុគណ ឈប់បិណ្ឌបាតតាមទីអគោចរដ្ឋានទៀត។ 

ការឃាត់ខ្លួនបុគ្គលក្លែងជាសង្ឃនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៦ នៅតាមដងផ្លូវនានាក្នុងមូលដ្ឋានសង្កាត់សំរោងក្រោម និងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំពោះព្រះសង្ឃដែលនិមន្តធ្វើកិច្ចសន្យាព្រះនាម ធូ វណ្ណា អាយុ៦១ឆ្នាំ គង់នៅវត្តសារាវ័ន្ត ជួនគង់នៅវត្ត នន្ទមុនី ធ្លាប់ធ្វើកិច្ចសន្យាម្តងមកហើយ។ 

តាមសមត្ថកិច្ច បានឲ្យដឹងទៀតថាបុគ្គល ដែលក្លែងជាងសង្ឃនោះត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នៅវេលាម៉ោងប្រមាណជាង៦ព្រឹក ថ្ងៃទី២២ខែឧសភានេះ ដោយចំនួន៣នាក់ ឃាត់ខ្លួនបាន នៅមុខរោងចក្រមួយកន្លែង នៅមហាវិថីឈ្នះឈ្នះនៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង , ២នាក់ឃាត់ខ្លួននៅមុខរោងចក្រប៊ឺរី ក្នុងសង្កាត់ចោមចៅទី៣ និង ៤នាក់ទៀត ឃាត់ខ្លួននៅមុខរោងចក្រQMI ក្នុងភូមិត្រពាំងពោធ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ នៅព្រឹកនោះដែរ មន្ត្រីសង្ឃនិងសមត្ថកិច្ច ក៏បាននិមន្តព្រះសង្ឃមួយអង្គ ទៅអប់រំណែនាំតាមធម៌វិន័យនិងធ្វើកិច្ចសន្យាជាមួយសាលាអនុគណឈប់ បិណ្ឌបាតតាមទីអគោចរដ្ឋានទៀតផងដែរ។ 

តាមព័ត៌មានបានឲ្យដឹងទៀតថាបន្ទាប់ពីឃាត់ខ្លួន មន្ត្រីសង្ឃនិងសមត្ថកិច្ចក៏បាននាំខ្លួនទៅដោះស្បង់ចីវរ នៅវត្តសសរ១០៨ត្រពាំងឈូក ដោយមានការចូលួមពីព្រះមុនីកោសល វ៉ង់គីមសន  ព្រះគ្រូអនុគណ ខណ្ឌពោធិ៍សែនជ័យ ព្រះនាយកពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែន ជ័យនិងជាព្រះចៅអធិការវត្តជម្ពូវ័នផងដែរ។ បន្ទាប់ពីដោះស្បង់ចីវរ ជនសង្ស័យទាំង ៩ នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី ៣ដើម្បីចាត់ការតាមច្បាប់៕