ភ្នំពេញ៖
អគ្គិភ័យ បានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្អោសន្ធៅ បង្កឲ្យ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង នាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ជាបណ្ដោះអាសន្ន រួចសុំរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍បាញ់ពន្លត់ជា បន្ទាន់។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៨:៣០នាទី យប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវលេខ៣១៦ ចំណុចក្បែរផ្សារ នាគមាស ក្នុងសង្កាត់ ផ្សារដើមគ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋក្បែរខាង បានឲ្យដឹងថាមុនពេលកើតហេតុ ដោយពួកគាត់ បានឃើញផ្សែងហុយចេញពីខាងក្នុងផ្ទះកើតហេតុ យ៉ាងខ្មួលខ្មាញ់លាយឡំ និង អណ្តាតភ្លើង ។
ភ្លាមនោះដែរ ពួកគាត់ បាននាំគ្នារត់ទៅទាញបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ ទប់ស្កាត់ជាបណ្តោះអាសន្ន រួចនាំគ្នាទាក់ទងទៅសមត្ថកិច្ចជំនាញសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បន្ទាន់។
ក្រោយមក ខាងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ទទួលបានដំណឹងខាងលើ រួចក៏ចេញរថយន្តទៅជួយបាញ់ពន្លត់ជាច្រើនគ្រឿង ផងដែរ។ ចំពោះមូលហេតុនៃអគ្គិភ័យនេះ កម្លាំងជំនាញធ្វើការស្រាវជ្រាវដោយដាក់ការសង្ស័យ មកពីឆ្លងចរន្តអគ្គិសនី ធ្វើអោយឆេះ ទូរ ក្លាសេបន្លែផ្លែឈើ នៅខាងក្នុងផ្ទះ៕
