ភ្នំពេញ៖
បុរសម្នាក់ បានសម្រេចចិត្តយកក្រម៉ាចងក សម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកចោល ប្រពន្ធនិងកូនទើបតែកើតបាន១ខែ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩:៣០នាទី យប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅក្នុងសង្កាត់វោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីស្រ្តីជាប្រពន្ធ បានអោយដឹងថា នៅមុនពេលកើតហេតុ ដោយបុរសរងគ្រោះ ត្រូវជាប្តីបានផ្លាស់ខោអាវចូលទៅងូតទឹក នៅក្នុងបន្ទប់។ ក្រោយមក ដោយស្រ្តីជា ប្រពន្ធចាំយូរពេក មិនឃើញចេញមកវិញ ក៏ចូលទៅគោះទ្វារបន្ទប់ទឹកស្រែកហៅ ។
តែបុរសរងគ្រោះមិនឆ្លើយតបក៏សម្រេចច្រានទ្វារចូលទៅ ស្រាប់តែស្រឡាំងកាំងឃើញប្តីចងកសម្លាប់ខ្លួនបាត់ទៅហើយ រួចក៏បានទាក់ទងទៅម្ដាយបុរសរងគ្រោះឲ្យមកទីតាំង កើតហេតុ ហើយ ម្តាយមិនអស់ចិត្ត បានដឹកជនរងគ្រោះទៅមន្ទីរពេទ្យ តែអកុសល បានដាច់ខ្យល់ស្លាប់បាត់ទៅហើយរួចក៏បញ្ជូនមកក្បែរបន្ទប់ជួលវិញ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចទាក់ទងទៅមន្ត្រីជំនាញកោសល្យវិច្ច័យ ឲ្យចុះមកពិនិត្យទៅលើសពបន្ត។ ក្រោយពិនិត្យរួច សមត្ថកិច្ចជំនាញ បញ្ជាក់ថា សពពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនមែន រួចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
