ភ្នំពេញ៖ 

បុរសជាអ្នករើសអេតចាយម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពេល អូសរទេះចូលទៅជ្រកភ្លៀងនៅក្រោមដើមឈើ ខណៈមានខ្យល់បក់បោកកន្រ្តាក់ខ្លាំង    បណ្តាលឲ្យបាក់មែក សង្កត់លើ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៦:៣០នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ចំណុចផ្លូវបេតុង ស្ថិតក្នុងសង្កាត់ច្បាអំពៅទី២ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានអោយដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ បានអូសរទេះដើររើសអេតចាយហើយក្រោយមក ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំនិងខ្យល់កន្រ្តាក់។ ខណៈជនរងគ្រោះ បានអូសរទេះចូលទៅជ្រកនៅក្រោមដើមឈើនោះ ស្រាប់តែបាក់មែកមកពីលើសង្កត់ចំក បណ្តាលឲ្យស្លាប់ភ្លាមៗ ។

បន្ទាប់មក ក៏មានប្រជាពលរដ្ឋក្បែរខាងឃើញ រួចក៏នាំគ្នារត់ទៅមើលហើយរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យទៅលើសព។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញផ្នែកបច្ចេកទេសចុះមកពិនិត្យទៅលើសព រួចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕