ភ្នំពេញ៖
បុរសជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចតាមស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយពេលធ្វើសកម្មភាពយកកាំបិតតាំងតោ ចូលទៅកាប់ប្រហាទៅលើនារីជាសង្សារដល់ក្នុងបន្ទប់ ហើយ រត់គេចខ្លួនបានប៉ុន្មានម៉ោង។
ករណីឃាត់ខ្លួនបាននេះ ធ្វើឡើងកាលពីវេលាម៉ោងប្រមាណជា៩យប់ ថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៦ រួចយកមកសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ។
បើតាមចម្លើយសារភាពពីជនសង្ស័យ បាននិយាយថាដោយខ្លួនខឹងនារីរងគ្រោះត្រូវជា សង្សារ សុំបែក ខណៈពួកគេបានស្រលាញ់គ្នាចូល៩ខែមកហើយ។ ក្រោយមក ក៏បាន យកកាំបិតតាំងតោ ចូលកាប់ទៅលើនាងដល់ក្នុងបន្ទប់តែម្តងទៅ ។
ប្រភពដដែល ពីបុរសជាជនសង្ស័យ បានឲ្យដឹងទៀតថាក្រោយពីរូបគេ ធ្វើសកម្មភាព កាប់ទៅលើនារីជាសង្សាររួច ក៏រត់ទៅចងកសម្លាប់ខ្លួនតែមិនស្លាប់។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចយកទៅធ្វើការសួរនាំនិងបន្តនីតិវិធីចាត់ការទៅតាមច្បាប់៕
