ភ្នំពេញ៖ 

សំណង់ភូមិគ្រឹះដ៍ស្កឹមស្កៃមួយកន្លែង ស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ កំពុងតែសាងសង់ រំលោភលើដីច្រាំងទន្លេ និងក្នុងផ្ទៃទន្លេ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតជម្រាបទៅអភិបាលខណ្ឌជ្រោយចង្វារ ដើម្បីមានវិធានការ ដោយអោយកំណត់ឱសានវាទឱ្យម្ចាស់សំណង់ធ្វើការរុះរើសំណង់ដែលបានសាងសង់រំលោភលើដីច្រាំងទន្លេ និង សំណង់ក្នុងផ្ទៃទន្លេ ឱ្យបានច្បាស់លាស់ តែម្ចាស់នៅតែបន្តសាងសង់ដោយសង្ស័យថាត្រូវគ្នាជាមួយអាជ្ញាធរខណ្ឌ។

តាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញលេខ០៦៧/២៦ ឆត.រ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដែលបានជម្រាបមកលោកអភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានអោយដឹងថា ចំពោះសំណង់ ភូមិគ្រឹះរបស់ លោក ឈុន លឹម ដែលបានសាងសង់ដោយគ្មានលិខិតអនុញ្ញាតសាងសង់ មានទីតាំងស្ថិតនៅភូមិ ចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នោះ សូម លោកអភិបាល អនុវត្តដូចខាងក្រោម៖១- ត្រូវកំណត់ឱសានវាទឱ្យម្ចាស់សំណង់ធ្វើការរុះរើសំណង់ដែលបានសាងសង់រំលោភលើដីច្រាំងទន្លេ និង សំណង់ក្នុងផ្ទៃទន្លេ ឱ្យបានច្បាស់លាស់ ។

២- តាមដានការអនុវត្តរបស់ម្ចាស់សំណង់ ចំពោះការអនុវត្តសេចក្តីណែនាំរបស់រដ្ឋបាលខណ្ឌ និងរាយការណ៍ ពីលទ្ធផលមករដ្ឋបាលរាជធានីភ្នំពេញវិញ ។

លោក ឃ្លាំងហួត អភិបាលរងនៃរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថាលោក ឈុនលីម ម្ចាស់សំណង់ភូមិគ្រឹះ ដែលមានទីតាំងស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។ រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតលេខ០៦៧/២៦ ឆត.រ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដោយឱ្យរដ្ឋបាលខណ្ឌជ្រោយចង្វារកំណត់ឱសានវាទឱ្យលោកធ្វើការរុះរើសំណង់ដែលលោកបានសាងសង់រំលោភលើដីច្រាំងទន្លេ និងក្នុងផ្ទៃទន្លេ ចេញវិញ។

លោក ឃ្លាំង ហួត ក៏បានឲ្យដឹងទៀតថា" មិនដឹងថាលោកបានទទួលការណែនាំពីរដ្ឋបាលខណ្ឌជ្រោយចង្វារហើយឬនៅនោះទេ? ក៏ប៉ុន្តែបច្ចុប្បន្ន ក្រុមការងារសំណង់រាជធានីភ្នំពេញ ពិនិត្យឃើញថា លោកមិនត្រឹមតែមិនព្រមរុះរើសំណង់ទេ តែថែមទាំងបានបន្តសកម្មភាពសាងសង់សំណង់នេះបន្ថែមទៀតផង។

សង្ឃឹម ថា លោក នឹងគោរពនិងអនុវត្តតាមខ្លឹមសារលិខិតខាងលើ ហើយ រុះរើសំណង់របស់លោកចេញជាបន្ទាន់ ហើយ ត្រូវអនុវត្តឱ្យបាននូវច្បាប់ស្តីពីសំណង់ និងច្បាប់ស្ដីពីការគ្រប់គ្រងច្រាំងទន្លេ និងទន្លេជាធរមាន៕