បន្ទាយមានជ័យ៖
កម្លាំងចម្រុះ នៅតែបន្តបង្ក្រាបទីតាំងសង្ស័យអនឡាញហ្គេម៥អគារ ឃាត់ខ្លួនជនបរទេសជិត៣០០នាក់ ភាគច្រើនជាជនជាតិឥណ្ឌូនេស៊ីកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅក្រុងប៉ោយប៉ែត។
ប្រតិបត្តិការបង្ក្រាបអនឡាញហ្គេមនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី និង លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិសហការជាមួយលោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ មានការសម្របសម្រួលពីព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ មានកម្លាំងអគ្គស្នងការនគរបាលជាតិ សហការជាមួយកម្លាំងស្នងការនគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ជាច្រើននាក់។
ប្រតិបត្តិការមានរយៈពេល១ថ្ងៃ បង្ក្រាប៥ទីតាំងមានអគារ៥កន្លែង និងមានអគារចំនួន៤កន្លែង នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ដែលឃាត់ខ្លួនជនបរទេសចំនួន២៧៥នាក់ ស្រី៤០នាក់ដែលភាគច្រើនជាជនជាតិឥណ្ឌូនេស៊ី មានអគារ៦ជាន់៤៥បន្ទប់ឃាត់ខ្លួនជនបរទេសចំនួន១៦៣នាក់ អគារ៧ជាន់២៦បន្ទប់ ឃាត់ខ្លួនបរទេសចំនួន៥៣នាក់ និងផ្ទះផ្ទាល់ដី២៣បន្ទប់ ឃាត់ខ្លួនបរទេសចំនួន២៣នាក់ អគារ៥ជាន់មាន១១បន្ទប់ ឃាត់ខ្លួនជនបរទេសចំនួន៣៦នាក់ និងអគារ១កន្លែងស្ថិតភូមិបាលិលេយ្យ១ សង្កាត់/ក្រុង ប៉ោយប៉ែត មិនទាន់ដឹងឃាត់ជនបរទេសប៉ុន្មាននាក់នៅឡើយទេ។
រង្វង់ប្រតិបត្តិការបង្ក្រាបអគារសង្ស័យអនឡាញហ្គេម កម្លាំងចម្រុះឃាត់ខ្លួនជនបរទេសជិត៣០០នាក់ និងដកហូតសម្ភារៈពាក់ព័ន្ធលួចលាក់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញហ្គេម ហើយ ជនសង្ស័យជាជនបរទេស ត្រូវបានបញ្ជូនទៅទុកនៅមណ្ឌលកងវ៉ាក្រុងសិរីសោភ័ណ ហើយ បញ្ជូនបន្តទៅរាជធានីភ្នំពេញដើម្បីបណ្តេញចេញពីកម្ពុជា៕
