បាត់ដំបង៖
យ៉ាងហោចណាស់ មនុស្សប្រុសស្រី០២ បានស្លាប់ និង ២០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តច្នៃនៅវេលាម៉ោង ០៦និង៥០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងដោយរថយន្តច្នៃ០១គ្រឿង បើកបរដោយបុរសម្នាក់ដឹកកម្មករបេះស្វាយសរុប ២១នាក់ ទិសដៅពីលិចទៅកើត (ប៉ៃលិន.បាត់ដំបង) ។ លុះមកដល់ចំណុចកើតហេតុខាងលើ បានវ៉ាក់អឺជាមួយរថយន្តធុនធំ០១គ្រឿង បានបួងចង្កូត បណ្តាលអោយក្រឡាប់ខ្លួនឯងជាច្រើនត្រឡប់។ ភ្លាមៗនោះ បណ្តាលអោយស្លាប់ម្នាក់ និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ចំណែក២០នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅដឹកបញ្ជូនអ្នករងរបួសទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ។ ចំណែកមធ្យោបាយសមត្ថកិច្ចយកមករក្សាទុកដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ដោយឡែក សាកសពជនរងគ្រោះ ត្រូវបានប្រគល់អោយក្រុមគ្រួសារសាច់ញាតិ យកទៅដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
