ភ្នំពេញ៖
បុរសម្នាក់ បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ ចំណែកឯបុរសម្នាក់ទៀត រងរបួសស្រាល ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពេលពួកគេ ជិះម៉ូតូទាក់ដៃចង្កូតគ្នាបណ្ដាលអោយដួលបោកក្បាលជនរងគ្រោះម្នាក់នៅនិងផ្លូវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង 9:15 នាទីយប់ថ្ងៃទី 24 ខែឧសភាឆ្នាំ 2025 ស្ថិតនៅលើផ្លូវបេតុងក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2HJ-2790 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីកើតទៅលិចក្នុងល្បឿន លឿនមធ្យម។
លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងទៀត ម៉ាក MSLAZ ពាក់ស្លាកលេខ ពោធិសាត់ 1 L-0940 ជិះដោយបុរសម្នាក់ធ្វើដំណើរទិសដៅបញ្រ្ចាសគ្នាពីលិចទៅកើតក្នុងល្បឿនលឿន។
លុះពេលជិះទៅដល់ចំណុចកើតហេតុ ក៏បានទាក់ដៃចង្កូតគ្នា ធ្វើឲ្យដួលទាំងសងខាងបោកក្បាលបុរសរងគ្រោះនៅនិងផ្លូវស្លាប់ភ្លាមៗ ចំណែកឯភាគីម៉ូតូមួយគ្រឿងទៀត រងរបួសស្រាល ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលសង្កាត់ត្រពាំងក្រសាំងសួរនាំបន្ត។
ក្រោយពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះ មកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
