កណ្តាល៖
មានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលអោយស្ត្រីវ័យចំណាស់ម្នាក់ជិះកង់ បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ ខណ:ជនបង្កជាអ្នកជិះម៉ូតូ រងរបួសធ្ងន់ ដោយហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ១២និង០០នាទីថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៦ នៅចំណុចនៅលើផ្លូវបេតុង ស្ថិតក្នុងភូមិអន្លង់តាសេកលើ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចជំនាញ បានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកSUZUKI Let’s ពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ1AJ-0423 បើកបរដោយឈ្មោះ ជា ចាន់នី ភេទប្រុស អាយុ ២៥ឆ្នាំ បើកបរក្នុងទិសដៅពីជើងទៅត្បូង ។
ពេលបើកមកដល់ចំណុចកើតហេតុ ម៉ូតូ ក៏បានជ្រុលទៅបុកស្ត្រីវ័យចំណាស់ម្នាក់កំពុងជិះកង់មានឈ្មោះ ឈន ហ៊ាង អាយុ ៧៣ឆ្នាំ ជិះក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូង ដែលទាំងស្ត្រីជិះកង់ និងអ្នកបើកបរម៉ូតូ មានទីលំនៅជាមួយគ្នា ក្នុងភូមិឃុំកើតហេតុ ។
ក្រោយសមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍បញ្ជូនស្ត្រីរងគ្រោះទៅមន្ទីរពេទ្យ តែជាអកុសលដោយរបួសធ្ងន់ធ្ងរមិនអាចជួយសង្គ្រោះជីវិតបាន សពស្ត្រីរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកជិះម៉ូតូ រងរបួសធ្ងន់ ត្រូវបានសាច់ញាតិយកទៅមន្ទីរពេទ្យដោយខ្លួនឯង ។
ចំពោះវត្ថុតាង កង់ និងម៉ូតូ រងការខូចខាតស្រាល ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។ ក្រោយសមត្ថកិច្ចចុះពិនិត្យវាស់វែង បានដាក់សេចក្តីសន្និដ្ធានបឋមថាករណីនេះគឺបណ្ដាលមកពីអ្នកបើកបរម៉ូតូខ្វះការប្រុងប្រយត្ន័ មានការធ្វេសប្រហែស ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់កើតឡើង ៕
