កណ្តាល៖ 

ជនសង្ស័យម្នាក់ ដែលអ្នកភូមិដាក់ងារថា ចោរអំបុកចោរអំបែង លួច នោះលួច ចុងក្រោយលួចគាស់ទ្វារផ្ទះអ្នកភូមិឯង ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅគុកជាលើកទី២  ដោយកើតហេតុកាលពីវេលាម៉ោង២២និង២០នាទីថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៦ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិ ព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល  និងត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០២៦ ។ 

សមត្ថកិច្ចមូលដ្ធាន បានប្រាប់អោយដឹងថា÷ជនរងគ្រោះឈ្មោះ ពុយ ទូច  ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្រូពេទ្យ និង មានទីលំនៅក្នុងភូមិឃុំកើតហេតុ  ចំនែកជនសង្ស័យ មានឈ្មោះ  ភា សុផេង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (វិជ្ជមាននូវសារធាតុញៀន +) និងមានទីលំនៅក្នុងភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ដោយមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន០១ លើក កាលពីថ្ងៃទី០៨ ខែមករាឆ្នាំ២០២៤ ករណីលួចលុយ ក្នុងផ្ទះវីង ។ 

ចំពោះសម្ភារ:បាត់បង់រួមមាន៖ ប្រាក់រៀល៥០ម៉ឺនរៀល - ក្រវិលមាស ចំនួន០១គូ - កូនសោរទូរចំនួន០១ - អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក - ប័ណ្ណ( ប ស ស) ចំនួន ០១សន្លឹក -  កាបូបលុយចំនួន ០១ និងសម្ភារៈមួយចំនួនទៀត។សមត្ថកិច្ច បន្តទៀតថា÷ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំហើយតែងតែលួចរបស់របររបស់ប្រជាពលរដ្ឋនៅក្នុងភូមិឃុំជាញឹកញាប់។ 

លុះនៅវេលាកើតហេតុ ជនរងគ្រោះ បានចូលសម្រាកពេលយប់នៅក្នុងផ្ទះ ដោយបាន បិទទ្វារផ្ទះខាងក្រោយនិងបានដាក់គន្លឹះទ្វារផ្ទះត្រឹមត្រូវ តែពុំបានបិទទ្វារផ្ទះនៅខាងក្នុងទេ។ ខណៈពេលនោះ ជនសង្ស័យ បានដើរមកខាងក្រោយផ្ទះរបស់ ជនរងគ្រោះបានធ្វើសកម្មភាពគាស់ទ្វារផ្ទះខាងក្រោយរបស់ រួចចូលលប់ៗ រើកកូរ កកាយពេញក្នុងផ្ទះ ឃើញ អីយកហ្នឹង និងបានលួចយក លុយកាក់មាសប្រាក់ ឯកសារផ្សេងដូចជម្រាបជូនខាងលើ រួចបានគេចខ្លួនចេញទៅបាត់។

លុះព្រឹកឡើង វេលាម៉ោង០៦ ថ្ងៃទី២០ ខែឧសភា ២០២៦ ពេលជនរងគ្រោះ បានភ្ញាក់ពីដំណេក ក៏បានឃើញទ្វារផ្ទះជំហ និង សម្ភារ: រាយប៉ាយពេញផ្ទះ ទើបឆែកកាមេរ៉ាសុវត្ថិភាពមើល បានឃើញជនសង្ស័យ ធ្វើសកម្មភាពគាស់ទ្វារផ្ទះនិងចូលលួចយកសម្ភារៈ នៅក្នុងផ្ទះ  ទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា ឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង កសាងសំណុំរឿង បញ្ជូនឡើងតុលាការ ជាលើកទី២ ៕