កុមារា ទីន ណាលុយកា អាយុទើបតែ ៦ ឆ្នាំសិក្សានៅថ្នាក់ទី១ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន តាមរយៈរូបសម្បត្តិដ៏គួរឱ្យស្រលាញ់ និងសមត្ថភាពសិល្បៈដ៏លេចធ្លោ ទាំងការដើរម៉ូត សម្ដែង និងច្រៀង។

បើតាមប៉ាៗ របស់ប្អូនបានឱ្យដឹងថា កុមារា ណាលុយកា បានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ ៥ ឆ្នាំ ។ ក្រោយមានគាត់ ក៏ដោយចាប់ផ្តើមមរៀនដើរម៉ូតជាមួយ Oliva Kong ដែលជាអ្នក ច្នៃម៉ូត និងគ្រូបង្ហាត់ដើរម៉ូតដ៏ល្បីមួយរូបនៅកម្ពុជា។ បន្ទាប់ពីទទួលបានការបង្ហាត់ និងបង្ហាញ   សមត្ថភាពល្អក្នុងការដើរម៉ូត កុមារារូបនេះក៏ត្រូវបានអញ្ជើញឱ្យចូលរួមដើរម៉ូតនៅផ្សារទំនើបមួយ និងទទួលបានការកោតសរសើរពីទស្សនិកជនយ៉ាងច្រើន។

ដោយសារតែមានទេពកោសល្យ និងភាពក្លាហានលើឆាក កុមារា ទីន ណាលុយកា ក៏ត្រូវបាន        ផលិតករ និងអ្នកសិល្បៈជាច្រើន ទាក់ទងឱ្យចូលរួមថតស្ពតពាណិជ្ជកម្ម និងសកម្មភាពសិល្បៈជាបន្តបន្ទាប់។ ទោះបីមានវ័យក្មេងក៏ដោយ ប៉ុន្តែកុមារារូបនេះអាចបង្ហាញសមត្ថភាពក្នុងការដើរម៉ូត សម្ដែង និងច្រៀងបានយ៉ាងល្អគួរឱ្យចាប់អារម្មណ៍។

ទេពកោសល្យសិល្បៈរបស់កុមារា ណាលុយកា ក៏ទទួលបានការគាំទ្រពីគ្រួសារផងដែរ ដោយឪពុករបស់គេជាអ្នកចម្រៀង ខណៈម្តាយជាបុគ្គលិកក្រុមហ៊ុនឯកជន។ កត្តានេះបានជួយជំរុញ និងលើកទឹកចិត្តឱ្យកុមារារូបនេះ បន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួននៅក្នុងវិស័យសិល្បៈ។ បច្ចុប្បន្ន កុមារា ទីន ណាលុយកា កំពុងក្លាយជាកុមារសិល្បៈវ័យក្មេងម្នាក់ ដែលទទួលបានការស្រលាញ់ និងគាំទ្រយ៉ាងច្រើនពីមហាជន និងអ្នកលេងបណ្ដាញសង្គម៕