ភ្នំពេញ៖ 

បុរសម្នាក់ បានបើករថយន្តម៉ាក Ford Raptor មួយគ្រឿងក្នុងល្បឿនលឿន ទាំងស្ថានភាពស្រវឹង ក៏រ៉េចង្កូតទៅបុកគំរបលូ រួចបន្តទៅបុករថយន្តនិងកង់បី ហើយ បន្តទៅបុកចូលហាងលក់សំលៀកបំពាក់ រងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញ រថយន្តបង្កម៉ាក Ford Raptor មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2CB-7281 បើកបរ ដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹង ក៏រ៉េចង្កូតជ្រុលទៅបុកគំរបលូ រួចបន្តល្បឿនទៅបុករថយន្តម៉ាក KIA MORNING ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-4513 បើកទិសដៅបញ្រ្ចាសគ្នា រងការ ខូចខាតទ្វារមួយចំហៀងខាងឆ្វេងហើយរថយន្តនៅមិនទាន់អស់ល្បឿនបន្តទៅបុកកង់បី ឥណ្ឌាក្រឡាប់ផ្ងារជើង បណ្តាលឲ្យម្ចាស់កង់បីរងរបួស រួចរ៉េចង្កូតបុកចូលហាងលក់ សំលៀកបំពាក់ទើបរថយន្តទៅមុខលែងរួច ។ សំណាងល្អ មិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស ពោលគឺខូចខាតតែសម្ភារៈមួយចំនួនតែប៉ុណ្ណោះ ចំណែកឯតៃកុង ត្រូវសមត្ថកិច្ច ឃាត់យកទៅប៉ុស្តិ៍ដើម្បីធ្វើការសួរនាំបន្ត។

បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះមកវាស់វែងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្ន រង់ចាំភាគីសងខាង ចូលខ្លួនធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕