ភ្នំពេញ៖
ឃ្លាំងស្តុកនិងកែឆ្នៃស្នោរមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងនិងកម្លាំងសមត្ថកិច្ចជំនាញ បញ្ចេញរថយន្តទៅជួយបាញ់ ពន្លត់ភ្លាមៗ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២:៤៥នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ ក្បាលកោះ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីម្ចាស់ឃ្លាំង បានឲ្យដឹងថាដោយពួកគាត់កំពុងតែសម្រាន្តលង់លក់ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះនៅក្នុងឃ្លាំងស្តុកនិងកែច្នៃស្នោរនោះយ៉ាងសន្ធោសន្ធៅ។ ក្រោយមក ពួកគាត់ក៏បាននាំគ្នាទាញទុយោទឹកបាញ់ទប់ស្កាត់ជាបណ្តោះអាសន្នរួចទាក់ទងទៅមន្ត្រីជំនាញ សុំឡានទឹកឲ្យមកជួយអន្តរាគមន៍ភ្លាមៗ។
ក្រោយកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ទទួលបានដំណឹងខាងលើ ក៏ចេញរថយន្តទៅជួយបាញ់ពន្លត់ជាច្រើន គ្រឿង។ ក្រោយពេលកម្លាំងជំនាញប្រតិបត្តិការណ៍បាញ់ពន្លត់ចប់ ឃើញថាប្រើប្រាស់រថយន្តទឹកអស់ជាច្រើនគ្រឿង ។ ក្នុងនោះ មិនមានអ្នករងរបួសនោះដែរ ពោល គឺខូចខាត តែសម្ភារៈក្នុងឃ្លាំងមួយចំនួនធំតែប៉ុណ្ណោះ។
ចំពោះមូលហេតុ កម្លាំងជំនាញ ធ្វើការស្រាវជ្រាវនៅពេលក្រោយ៕
