ភ្នំពេញ៖

ជនសង្ស័យចំនួន២៤នាក់ ដែលក្នុងនោះមានជនជាតិចិន៦នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញនិងនគរបាលព្រហ្មទណ្ឌ នៅតាមបណ្ដាខណ្ឌនានា យកមកបង្ហាញមុខរួមគ្នាកាលពីព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៦ នេះ បន្ទាប់ពីបង្ក្រាបបាន ជាបន្តបន្ទាប់ចំនួន៥ករណីនៅក្នុងរយៈពេល២ថ្ងៃតែប៉ុណ្ណោះ។ 

តាមរបាយការណ៍ស្ដីពីលទ្ធផលបង្ក្រាបបទល្មើសរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ  កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលដែលដឹកនាំដោយលោកវរៈសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋានខណ្ឌទួលគោក ខណ្ឌច្បារអំពៅ ខណ្ឌពោធិសែនជ័យ, អធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្តាល និង,អធិការដ្ឋាននគរបាលស្រុកពារាំង ខេត្តព្រៃវែងបានធ្វើការស្រាវជ្រាវបង្ក្រាបបទល្មើសបានជាបន្ត បន្ទាប់ នៅក្នុងរយៈពេល២ថ្ងៃ នៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឃាត់ជនសង្ស័យសរុបចំនួន២៤នាក់។     

 តាមរបាយការណ៍ បានឲ្យដឹងទៀតថាជនសង្ស័យទាំង២៤នាក់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន០៥ ករណី ដូចខាងក្រោម ៖

០១.ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដុំថ្ម និងដែកដងឆ័ត្រ ដេញវាយជនរងគ្រោះតែមិនត្រូវ) ប្រព្រឹត្តនៅចំណុចភ្លើងស្តុបទូលពង្រ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញកាលពីថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២២ និង ០០នាទីយប់និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ផ្លូវ បេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០១ និង ៥៧ នាទី យប់ដោយសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន១៥នាក់ដកហូតម៉ូតូចំនួន០៥គ្រឿង។ 

០២.ករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ ទោស ,ធាក់ម៉ូតូបណ្តាលឲ្យដួល រួចយកកាំបិតផ្គាក់ដេញកាប់លើជនរងគ្រោះ រួចកាប់ម៉ូតូបណ្តាលឲ្យ រងការខូចខាតនៅចំណុចផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០២ និង ១០ នាទី យប់រំលងអាធ្រាត្រ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់។ 

០៣.ករណីឆបោកមានស្ថានទម្ងន់ទោស (បន្លំយកប្រាក់ដោយមានការចាត់តាំង)ប្រព្រឹត្តនៅចំណុចផ្ទះលេខផ្ទះលេខ ៩២A ផ្លូវលេខC០១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន៤នាក់។

០៤.ករណីប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន២នាក់។

០៥ .ករណី ប៉នប៉ងឃាតកម្មប្រើកាំបិតចិតបន្លែកាប់ជនរងគ្រោះជាសង្សាបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ប្រព្រឹត្តនៅចំណុចបន្ទប់ជួល លេខ៤១B ភូមិជម្ពូវន្ត័២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ០១ និង ២០ នាទី រំលងអាធ្រាត្រដោយឃាត់ខ្លួនបានជនសង្ស័យ១នាក់៕