ភ្នំពេញ៖ 

បុរសម្នាក់ បានបើករថយន្តម៉ាក CHANGAN មួយគ្រឿង បើកក្នុងល្បឿនលឿនខ្វះ ការប្រុងប្រយ័ត្នក៏រ៉េចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន១កង់ រងការខូចខាតផ្នែកខាងមុខ យ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២:៤០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែឧសភា ២០២៦ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ៥៩៨ ក្នុង សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។  

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក CHANGAN ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2CM-5957 បើកបរ ដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ទិសដៅពីជើងទៅត្បូងក្នុងល្បឿន។

លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុក របាំងថ្មបាក់ចំនួន១កង់។ ចំណែករថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ សំណាងល្អ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះដែរ អ្នកបើកបរបានគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្រ្តីជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្ក ទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយគ្នា នៅពេលក្រោយ៕