ភ្នំពេញ៖
បុរសម្នាក់ បើករថយន្តម៉ាក FORD RANGER មួយគ្រឿងក្នុងល្បឿនមិន ប្រយ័ត្ន ក៏ជ្រុលទៅបុកកង់បីឥណ្ឌា បើកបត់ត្រឡប់ក្រោយ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងមិនគ្រោះថ្នាក់ដល់មនុស្ស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០:០០នាទីយប់ ត្រូវនិងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុង សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើកម៉ូតូកង់បីឥណ្ឌា មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 1HF6350 ធ្វើដំណើរ តាមបណ្តោយផ្លូវបេតុងទិសដៅពីលិចទៅកើត។ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានវាយស៊ីញ៉ូបត់ឆ្វេង បម្រុងនិងត្រឡប់ក្រោយវិញ ។
ភ្លាមនោះដែរ ស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងម៉ាក Ford Ranger ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2BL-7960 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយស្របទិសគ្នា ពីលិចទៅកើតក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកកង់បីចំពាក់កណ្តាលចំហៀងខាងឆ្វេងពេញទំហឹង រងការខូចខាតយ៉ាងដំណំ ហើយ ភ្លាមនោះដែរ ភាគីទាំងសងខាងចុះមកធ្វើការសម្របសម្រួលគ្នា។
បន្ទាប់ពីកើតហេតុ ដោយភាគីសងខាងសម្រួលគ្នាមិនត្រូវ សមត្ថកិច្ចមូលដ្ឋានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តនិងកង់បីទៅរក្សាទុកជាបណ្តោះអាសន្នរង់ចាំភាគីសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

