ភ្នំពេញ៖

បុរសជនជាតិចិនម្នាក់ បានបើករថយន្តLexus RX350 មួយគ្រឿងបោះពួយ យ៉ាងលឿនមិនប្រយ័ត្ន ក៏រ៉េចង្កូតជ្រុលទៅបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់ បណ្តាលឲ្យរថយន្ត រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១:២០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៩ ខែឧសភា ២០២៦ ស្ថិតនៅគល់ស្ពានអាកាសក្បាលថ្នល់ សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនកើតហេតុ គេឃើញរថយន្ត Lexus RX350 ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AN-8938 បើកបរដោយ បុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមទិសដៅពីជើងទៅត្បូងក្នុង ល្បឿនលឿន។

លុះពេលបើកមកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុករបាំងថ្ម គល់ស្ពានអាកាសក្បាលថ្នល់ បណ្ដាលឲ្យរថយន្ត រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អ មិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្ស ហើយ ភ្លាមនោះដែរ តៃកុងរថយន្ត ក៏បានបើកទ្វារគេចេញពីកន្លែងកើតហើយបាត់ស្រមោល។

បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះ មកវាស់វែងស្ទូចរថយន្តបង្ក យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្ន រង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕