កម្មវិធីប្រកួត Mister Supranational Cambodia 2026 បានបញ្ចប់ទៅដោយជោគជ័យ ខណៈបេក្ខជន យូ ថនវណ្ណៈ បានក្លាយជាម្ចាស់ជ័យលាភី ប្រចាំឆ្នាំ២០២៦ ដោយមានការគាំទ្រ និងអបអរសាទរពីមហាជន និងអ្នកគាំទ្រជាច្រើន។
ក្រោយទទួលបានជ័យជម្នះ លោក យូ ថនវណ្ណៈ បានបង្ហោះសារបង្ហាញអារម្មណ៍រំភើប
និងមោទនភាពចំពោះខ្លួនឯង ដែលមិនបោះបង់ក្តីស្រមៃ និងខិតខំតស៊ូរហូតដល់សម្រេចគោលដៅ។ លោកបានលើកឡើងថា៖
“ទីបំផុតខ្ញុំធ្វើបានហើយ។ អរគុណដល់ខ្លួនឯងដែលមិនបោះបង់ចោលក្តីស្រមៃ ដើររហូតទាល់តែដល់គោលដៅ”។
ក្នុងនោះដែរ ម្ចាស់តំណែងថ្មីរូបនេះ ក៏បានថ្លែងអំណរគុណដល់លោក Ab Vanna ដែលបានផ្តល់ ឱកាសដ៏មានតម្លៃមួយនេះ ព្រមទាំងលោកស្រី Sara Pich ដែលតែងផ្តល់ដំបូន្មានល្អៗ និងជំរុញទឹកចិត្តក្នុងដំណើរប្រកួតរបស់លោក។
មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានអរគុណដល់ក្រុមអ្នកឧបត្ថម្ភទាំងអស់ ដែលបានគាំទ្រគ្រប់វគ្គគ្រប់ឈុត ក៏ដូចជាក្រុមគ្រួសារ និងអ្នកគាំទ្រទាំងអស់ ដែលជាកម្លាំងចិត្តដ៏សំខាន់សម្រាប់លោកក្នុងការឈានដល់ភាពជោគជ័យនាពេលនេះ។
ជ័យជម្នះរបស់ យូ ថនវណ្ណៈ ត្រូវបានមហាជនជាច្រើនសរសើរថា ជាលទ្ធផលនៃការខិតខំប្រឹងប្រែង សមត្ថភាព និងភាពជឿជាក់លើខ្លួនឯង។ ទន្ទឹមនឹងនេះ អ្នកគាំទ្រជាច្រើនក៏បានបង្ហាញក្តីរំពឹងថា លោកនឹងអាចនាំយកកិត្តិយសជូនប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិនាពេលខាងមុខ៕
