បន្ទាប់ពីបោះជំហានដើម្បីកសាងជីវិតថ្មីលើវិថីចម្រៀងនៅសហរដ្ឋអាមេរិក លោក N.John ដែលជាកូនប្រុសរបស់តារាចម្រៀង លោក ព្រាប សុវត្ថិ ក្នុងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងពីមួយកម្រិតទៅមួយកម្រិត ដោយសាងភាពលេចធ្លោជាមួយនឹងស្នាដៃតន្រ្តី ព្រមទាំងទេពកោសល្យនៃការបង្ហាញក្បាច់រាំរបស់លោកថែមទៀត។

នាពេលឆាប់ៗខាងមុខនេះ ក៏នឹងត្រូវឡើងឆាកសម្តែងដ៏ពិសេស មួយនៅកូរ៉េខាងត្បូង ដែលជាការអញ្ជើញពីម៉ាកសម្លៀកបំពាក់បុរស Error nyc

សម្រាប់ព្រឹត្តិការណ៍ដែល N.John នឹងទៅសម្ដែងធ្វើឡើងថ្ងៃ ២៨ ខែឧសភា ឆ្នាំ ២០២៦ នៅ courte cafe និងមានសិល្បកររបស់កូរ៉េផងដែរ ហើយនេះជាលើកដំបូង ដែល N.John នឹងសម្ដែងនាក្រៅប្រទេស បន្ទាប់ពីចេញទៅប្រកបអាជីពជាតារាចម្រៀងលើទឹកដីអាមេរិក។ ងាកទៅមើលបណ្ដាញសង្គមលោក ព្រាប សុវត្ថិ វិញ ក៏បង្ហាញសកម្មភាពធ្វើដំណើរទៅកាន់ទឹកដីកូរ៉េខាងត្បូងទាំងគ្រួសារដើម្បីគាំទ្រកូនប្រុសបណ្ដូលចិត្តដែរ ដោយមានម្ចាស់បទ «sweet Love» ទៅជាមួយផង   ដែរ។

Error nyc គឺជាម៉ាកសម្លៀកបំពាក់បុរស ដែលបង្កើតឡើងដោយអ្នករចនា PUL Sheen ដែលត្រូវបានគេស្គាល់ដោយសាររូបរាងដ៏ពិសេស។ ម៉ាកនេះដំណើរការជាចម្បងតាមអ៊ីនធឺណិត ហើយត្រូវបានទទួលស្គាល់សម្រាប់ទំនិញដូចជា សម្លៀកបំពាក់ខាងក្រៅធ្វើពីស្បែកផ្ទាល់ខ្លួន ខោខូវប៊យដែលមានស្នាមប្រេះ និងមួកល្បីៗ។

កេរ្តិ៍ឈ្មោះរបស់ N.John បានហក់ឡើងទ្វេដង បន្ទាប់ពីបទ «Pop Out» ល្បីល្បាញរហូតដល់ក្រុមតារា K-Pop ប្រុសស្រីល្បីៗយកទៅរាំ challenge ។ តាំងពីពេលនោះមកមិនត្រឹមតែតារា K-Pop ឡើយក្លឹបរាំ ក៏ដូចជាអ្នកហាត់រៀនរាំ និងគ្រូបង្ហាត់រាំដទៃទៀត ក៏បានចាប់អារម្មណ៍ ហើយថែមទាំង cover បទចម្រៀងដែលច្រៀងដោយកូនខ្មែររូបនេះចែកចាយលើបណ្តាញសង្គមទៀតផង។

បទ «Pop Out» ល្បីគ្រប់ Platform ពិសេសអ្នកនិយមរាំបង្ហោះលើបណ្ដាញសង្គម។ អ្នកគាំទ្រគ្រាន់តែឮដំណឹងថា សុវត្ថិ មុនីនាគ ត្រៀមការសម្ដែងភ្លាម ម្នាក់ៗពិតជារំភើប។ សម្រាប់ Error គឺជាប្រេនសម្លៀកបំពាក់ក្នុងស្រុករបស់ប្រទេសកូរ៉េ ដែលមានច្រើនសាខា ហើយក្នុងនោះក៏មាននៅអាមេរិកដែរ៕