ត្បូងឃ្មុំ៖ 

ក្រោមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត ត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កម្លាំងសមត្ថកិច្ចចម្រុះ បាន បើកយុទ្ធនាការចុះត្រួតពិនិត្យរដ្ឋបាលចំហរ "ដូចភ្លៀងរលឹម" នៅតាមបណ្តាគោលដៅ សង្ស័យមួយចំនួនក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដើម្បីស្វែងរកជនបរទេសស្នាក់នៅខុសច្បាប់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៦ ដោយមានការ សម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត ។ 

កម្លាំងគណៈបញ្ជាការឯកភាពខេត្ត បានដៅមុខសញ្ញា ចុះត្រួតពិនិត្យតាមផ្ទះវីឡា ផ្ទះសំណាក់ និងបន្ទប់ជួល ដែលសង្ស័យថាអាចមានការលួចលាក់ស្នាក់នៅ មិនរាយ ការណ៍ ឬប្រើប្រាស់ជាទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ ផ្ទះសំណាក់ចំនួន ៣ ទីតាំង ស្មើនឹង ៥៧ បន្ទប់ ។ ជាលទ្ធផលបឋម សមត្ថកិច្ចពុំបានរកឃើញមានវត្តមានជនបរទេសស្នាក់នៅដោយខុស ច្បាប់ ឬសម្ភារៈពាក់ព័ន្ធ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងទីតាំងទាំងនោះឡើយ ។

បើទោះជាយ៉ាងនេះក្តី រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់យ៉ាងច្បាស់ថា យុទ្ធនាការនេះ នឹងមិនបញ្ឈប់ត្រឹមនេះទេ ដោយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត នឹងបន្តធ្វើការស្រាវ ជ្រាវ និងត្រួតពិនិត្យតាមបណ្តាទីតាំងសង្ស័យផ្សេងៗទៀត ឱ្យបានទូទាំងក្រុង-ស្រុកទាំង ៧ ក្នុងភូមិសាស្ត្រខេត្តទាំងមូល ។

អាជ្ញាធរក៏បានបន្តធ្វើការផ្សព្វផ្សាយនូវអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល ដល់ម្ចាស់ ទីតាំង និងប្រជាពលរដ្ឋ ដើម្បីបង្កើនការយល់ដឹង និងចូលរួមសហការ ទប់ស្កាត់បទល្មើស គ្រប់ប្រភេទ ជាពិសេសបទល្មើសបច្ចេកវិទ្យា ដែលកំពុងជាបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ៕