ភ្នំពេញ៖

ទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)មួយកន្លែង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ចុះបង្ក្រាប ដោយឃាត់ខ្លួនជនជាតិបរទេសចំនួន ៩នាក់ និងដកហូតបានសម្ភារៈមួយចំនួន និង កាំភ្លើងខ្លីមួយដើម។ 

ប្រតិបត្តិការនេះ បានធ្វើឡើនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅផ្ទះលេខ២២៧ ផ្លូវលំ ភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដឹកនាំដោយ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ និង ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ជាលទ្ធផល ក្រុមការងារចម្រុះ បានត្រួតពិនិត្យឆែកឆេរ រកឃើញមនុស្សចំនួន០៩នាក់, ជនជាតិចិន ចំនួន០៨នាក់និងជនជាតិវ៉ានូអាទូ ចំនួន០១នាក់ ព្រមទាំងដកហូតសម្ភារៈ ដូចជា៖ទូរស័ព្ទដៃចំនួន ៤១គ្រឿង, laptop ចំនួន០៧គ្រឿង, កាំភ្លើងចំនួន ០១ដើម និងគ្រាប់កាំភ្លើងចំនួន ៤៩គ្រាប់។ 

ជាការសន្និដ្ឋានបឋម គឺរក្សាទុកឧបករណ៍អេឡិចត្រូនិចបម្រើឱ្យអំពើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams  និងប្រើប្រាស់កាន់កាប់អាវុធខុសច្បាប់៕