ភ្នំពេញ៖

ជនជាតិចិននិងជនជាតិវៀតណាម ចំនួន ៣១០នាក់ ត្រូវបានកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់។

តាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថានៅថ្ងៃទី២៧ ខែឧសភា ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី  បានបន្តធ្វើការបណ្តេញជនជាតិចិននិងជនជាតិវៀតណាម សរុបចំនួន ៣១០នាក់ ស្រី៥២នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ។

នៅក្នុងនោះ មានជនជាតិចិន ១៧៣នាក់ ស្រី០៦នាក់ ត្រូវបានបណ្ដេញចេញតាមរយៈ យន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោនិងជនជាតិវៀតណាមចំនួន១៣៧នាក់ ស្រី៤៦នាក់ ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ។

តាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងទៀតថាការបណ្ដេញចេញជនជាតិ បរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហា បរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំ តម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាតនិងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និង សកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេស ចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយ ហើយ ត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ៕