ភ្នំពេញ៖ 

ទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រពន្ធបច្ចេកវិទ្យា Online Scams នៅក្នុងខណ្ឌ៧មករានិងខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំនួន២ចុះបង្ក្រាបជាបន្តបន្ទាប់ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យសរុប ៦១នាក់ (ស្រី្ត ៦នាក់) ពាក់ព័ន្ធនឹង  ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទម្រង់ផ្សេងៗគ្នា។

 ប្រតិបត្តិការបង្ក្រាបទាំងនេះ ធ្វើឡើងជាបន្តបន្ទាប់ ក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ, ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ 

តាមរបាយការណ៍របស់អាជ្ញាធររាជធានីភ្នំពេញ បានបញ្ជាក់ថាទីតាំងដែលសមត្ថកិច្ចជម្រុះចុះបង្ក្រាបគោលដៅទី១.ស្ថិតនៅផ្ទះលេខ៦ ផ្លូវ១៦៣ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនជនជាតិចិនតៃ វ៉ាន់៦នាក់ (ស្រ្តី០១នាក់) និងដកហូតទូរសព្ទដៃ ចំនួន ៤គ្រឿង, all in one ១គ្រឿង, monitor ៩គ្រឿង និងធុង CPU ៤។ 

គោលដៅទី២៖មាន៣ទីតាំង ស្ថិតនៅបុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ក្នុងប្រតិបត្តិការ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយឃាត់ខ្លួនជនជាតិចិន ចំនួន៥៥នាក់ (ស្រី្ត០៥នាក់)និងដកហូតសម្ភារៈ All in One ចំនួន ៩៨គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន ០៥គ្រឿង, Monitor ចំនួន៩គ្រឿង, CPU ចំនួន០៧គ្រឿង, ទូរស័ព្ទដៃ ចំនួន ១១៣គ្រឿង, ដុំ Wi-Fi ចំនួន ០៣គ្រឿង, ស៊ីមកាតបរទេសមួយចំនួន។ 

តាមការសន្និដ្ឋាន ក្រុមជនសង្ស័យ បានប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាទីតាំងដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្រោមរូបភាពបង្កើត Website លក់អីវ៉ាន់ក្លែងក្លាយ តាមរយៈការបើកហាង ទីផ្សារ ក្លែងក្លាយ, អូសទាញឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគ និងទទួលបាន ការងារ ដែលមានគោលដៅកោះតៃវ៉ាន់ និងប្រទេសចិន។ 

បច្ចុប្បន្ន ទាំងជនសង្ស័យជាជនបរទេសទាំង៦១នាក់ ព្រមទាំងសម្ភារវត្ថុតាង ដែលដកហូតបានទាំងអស់ ត្រូវបានប្រគល់ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរៀបចំសំណុំរឿង និងអនុវត្តនីតិវិធីបន្តទៅតាមផ្លូវ ច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ៕