ប៉ៃលិន៖
រហូតមកដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំសមត្ថកិច្ចចម្រុះ សហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្តចុះត្រួតពិនិត្យ នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយធ្វើការឃាត់ខ្លួនជនជាតិចិន ចំនួន ០៧នាក់ និងវត្ថុតាងមួយចំនួនដែលសង្ស័យថា មានលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scams) ដើម្បីអនុវត្តយ៉ាងម៉ឺងម៉ាត់តាមអនុក្រឹត្យលេខ ០៣អនក្រ.បកចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត។
ប្រភពព័ត៌មានបានឱ្យដឹងថា ការបន្តយុទ្ធនាការចុះបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scams) របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន គឺក្នុងគោលបំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូល ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់គ្រងសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស, ទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពជួញដូរមនុស្ស ជាពិសេសបទល្មើសបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់។
ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ របស់រាជរដ្ឋាភិបាល ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំពុងអនុវត្តច្បាប់ លើករណីឆបោកតាមប្រព័ន្ធអនឡាញ ដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធ បញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស និងអនុវត្តនីតិវិធី បណ្ដេញចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ ជាពិសេសបានសហការផ្ដល់ព័ត៌មានអំពីខ្សែបណ្ដាញមេខ្លោង ទៅកាន់ប្រទេសក្នុងតំបន់ និងក្រៅតំបន់ជាច្រើនករណី។
បន្ទាប់ពីកងកម្លាំងគណៈបញ្ចាការឯកភាពខេត្តប៉ៃលិន បន្តចុះពិនិត្យនៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ បានរកឃើញទីតាំងមួយកន្លែង សង្ស័យមានលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scams) ដោយឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងវត្ថុតាងមួយចំនួនរួមមាន ៖ កុំព្យូទ័រ ALL in ONE ចំនួន១៨គ្រឿង,MONITER ចំនួន៤គ្រឿង, ទូរស័ព្ទដៃ ចំនួន១៤៧ គ្រឿង, CPU ចំនួន៣គ្រឿង, អាគុយទប់ភ្លើង ចំនួន២គ្រឿង, តុ ចំនួន១១តុ, ស៊ីមស្មាត ចំនួន១៣ស៊ីម, និងអត្តសញ្ញាណប័ណ្ណជនជាតិចិន ចំនួន ១សន្លឹក ហើយសូមរំលឹកផងដែរថាទីតាំងនេះកន្លងមក បានកាត់ផ្តាច់ប្រព័ន្ធខ្សែកាបអុបទិចអ៊ិនធើណែត ប៉ុន្តែជនសង្ស័យបានប្រើប្រាស់ស៊ីមកាតជំនួសវិញ៕
