ភ្នំពេញ ៖
ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប្រដេញតាមឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើ សកម្មភាពលួចរថយន្តចេញពីក្នុងការ៉ាស់សាំងមួយកន្លែងនៅផ្លូវជាតិលេខ២ក្នុងមូលដ្ឋានខណ្ឌមានជ័យ ហើយ បើករត់ទៅបុករះរថយន្ត២គ្រឿងនិងកង់បី១គ្រឿង រងការខូចខាត ។ ហេតុការណ៍ខាងលើនេះ កើតឡើងនាវេលាម៉ោង៧:១៥នាទីយប់ ថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២៦ស្ថិតនៅលើផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាក Toyota Prius ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BT-9321 ចតនៅក្នុងការ៉ាស់សាំងមួយកន្លែងនៅលើផ្លូវជាតិលេខ២។ ក្រោយមក ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ចូលមកធ្វើសកម្មភាពលួចយកបានសម្រេច ហើយ បើករត់គេចខ្លួនពីផ្លូវជាតិលេខ២ក្នុងខណ្ឌមានជ័យ ទៅបុករះរថយន្ត១គ្រឿងនិងកង់បី១គ្រឿង ខណៈសមត្ថកិច្ចជិះប្រដេញតាមពីក្រោយ ហើយជនសង្ស័យ បន្តល្បឿនបើករត់ទៅមុខឆ្ពោះទៅផ្លូវព្រះនរោត្តម ក៏បានបុករះរថយន្តចំនួន១គ្រឿងបន្ថែមទៀតទើបរថយន្តទឡមុខលែងរួចត្រូវសមត្ថកិច្ចចាប់បាន ដឹកយកទៅប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែក្រោមសួរនាំបន្ត ។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ភាគីរថយន្តរងគ្រោះចំនួន២គ្រឿងនិងកង់បីមួយគ្រឿង បានសុំយកទៅជួសជុលរៀងៗខ្លួន។ ចំណែករថយន្តដែលត្រូវចោរលួចនោះ សមត្ថកិច្ចស្ទូចយកទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំប្រគល់ជូនទៅឲ្យម្ចាស់វិញ ៕
