ភ្នំពេញ៖ 

បុរសម្នាក់ បានបើករថយន្តម៉ាក Toyota Priusមួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏បានរ៉េចង្កូតជ្រុលទៅបុករថយន្តកូរ៉េចតនៅមុខផ្ទះ រួចបន្តទៅបុករថយន្ត មួយគ្រឿងទៀតចតលើចិញ្ចើមផ្លូវ រងការខូចខាតយ៉ាងដំណំ សំណាងល្អ មិនគ្រោះថ្នាក់ ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ ទឹកល្អក់ទី១ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានអោយដឹងថានៅមុនពេលកើតហេតុ គេឃើញ បុរសម្នាក់បានបើករថយន្តមួយគ្រឿង ម៉ាក TOYOTA PRIUS ពណ៌ទឹកប្រាក់ពាក់ ផ្លាកលេខ ភ្នំពេញ 2BK-8503 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។

លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏បានរ៉េចង្កូតមកខាងស្តាំដៃឡើងចិញ្ចើមផ្លូវទៅបុករថយន្តកូរ៉េ មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2M-3026ដែលចតនៅខាងមុខផ្ទះ ចំពីមុខរងការខូចខាតយ៉ាងដំណំ ហើយរថយន្តបន្តល្បឿន ទៅបុកពីក្រោយរថយន្តមួយគ្រឿងទៀត ម៉ាក GTVKAINពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2CK-7220 ដែលឈប់ចតចោល នៅលើចិញ្ចើមផ្លូវរងការខូចខាតធ្ងន់ធ្ងរ តែសំណាងមិនមានគ្រោះ ថ្នាក់ដល់មនុស្ស ហើយ ភ្លាមនោះដែរ ភាគីម្ចាស់រថយន្តទាំងសងខាងចុះមកធ្វើការសម្រួល គ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តទាំង ៣គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីសង្ខារដោះស្រាយមាននៅពេលក្រោយ ៕