បន្ទាយមានជ័យ៖
អាជ្ញាធរកម្ពុជា បានបណ្តេញជនជាតិថៃចំនួន49នាក់ ពាក់ព័ទ្ធបទល្មើសអនឡាញស្គេម នៅថ្ងៃទី23 ខែមិថុនា ឆ្នាំ2026 នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ពេលបណ្តេញជនជាតិថៃចំនួន49នាក់ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឃើញមានវត្តមានលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី, លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និង លោកឧត្តមសេនីយ៍ត្រី លី ហួរ ស្នងការរងទទួលការងារអន្តោប្រវេសន៍ខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ត្រី គង់ ប៉េងលី ស្នងការរង , លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីស្ថាប័ន្ធពាក់ព័ន្ធ។
ក្រុមជនជាតិថៃចំនួន 49នាក់នេះ មានស្រី18នាក់ ត្រូវអាជ្ញាធរកម្ពុជាបណ្តេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលឈមច្រកទ្វារខ្លងលឹកប្រទេសថៃ ជាប់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្គេមនៅពេលដែលកម្លាំងចម្រុះបើកប្រតិបត្តិការបោសសំអាតនៅក្រុងប៉ោយប៉ែត ជាបន្តបន្ទាប់។
ជនជាតិថៃដែលត្រូវបណ្តេញចេញពីកម្ពុជា ត្រូវបានបិទទិន្ទការមិនឲ្យចូលកម្ពុជារយៈពេល3ឆ្នាំ ចំនួន42នាក់និងរយៈពេល5ឆ្នាំចំនួន6នាក់។ គួរបញ្ជាក់ថា៖នៅពេលកម្លាំងចម្រុះប្រតិបត្តិការបោសសំអាតបទល្មើសអនឡាញស្គេម នៅក្រុងប៉ោយប៉ែត ជាប់ជាយដែន ឃើញមានជនជាតិថៃជាប់ពាក់ព័ន្ធត្រូវបានបង្ក្រាប និងបណ្តេញចេញផងដែរ ដើម្បីលុបបំបាត់អោយអស់ការពារសន្តិសុវត្ថិភាពប្រជាពលរដ្ឋ និងជាមុខមាត់ប្រទេសកម្ពុជា ៕
