ភ្នំពេញ៖
សណ្ឋាគារធៀនយីនិងខុនដូរស្ដាស៊ីធី ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌសែនសុខ ចុះត្រួតពិនិត្យនិងឆែកឆេរ ហើយ ឃាត់ខ្លួនជនជាតិបរទេសចំនួន៩នាក់ស្នាក់នៅខុសច្បាប់ ក្នុងនោះគ្មានលិខិតឆ្លងដែន ០៦នាក់ និងផុតទិដ្ឋាការ ០៣នាក់។
តាមរដ្ឋបាលខណ្ឌសែនសុខ បានឲ្យដឹងថានៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ លោក ចេង មុនីរ៉ា អភិបាល និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលការស្នាក់នៅរបស់ជនបរទេស បានចំនួន០២ទីតាំង គឺ៖សណ្ឋាគារធៀនយី និងខុនដូរស្ដាស៊ីធី មាន ០៦អាគារ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់ អូរបែកក្អម សរុបចំនួន ២០៣២បន្ទប់ មានជនបរទេសស្នាក់នៅចំនួន ៣៤៦បន្ទប់ ស្មើនឹង ៤៣៨នាក់ ស្រី ១១៤នាក់ មាន ២២សញ្ជាតិ។
ជនបរទេសខាងលើ មានលិខិតឆ្លងដែន ទិដ្ឋាការត្រឹមត្រូវ និងមិនមានសង្ស័យប្រព្រឹត្ត បទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។
តាមរដ្ឋបាលខណ្ឌសែនសុខ បានឲ្យដឹងទៀតថានៅក្នុងប្រតិបត្តិការនោះ គណៈបញ្ជាការ ឯកភាពខណ្ឌសែនសុខ បានរកឃើញជនបរទេសចំនួន ០៩នាក់ ស្នាក់នៅខុសច្បាប់(គ្មានលិខិតឆ្លងដែន ០៦នាក់ និងផុតទិដ្ឋាការ ០៣នាក់) ដូចខាងក្រោម ៖ ជនជាតិចិន គ្មានលិខិតឆ្លង ០៦នាក់ និងផុតទិដ្ឋាការ ០១នាក់,នីហ្សេរីយ៉ា (ផុតទិដ្ឋាការ),បង់ក្លាដេស (ផុតទិដ្ឋាការ) ព្រមទាំងឃាត់ខ្លួនជនជាតិចិនចំនួន ០១នាក់ មានលិខិតឆ្លងដែន និង ទិដ្ឋាការត្រឹមត្រូវ ករណីមិនសហការជាមួយសមត្ថកិច្ចត្រួតពិនិត្យរដ្ឋបាល និង គ្មានមុខរបរ ច្បាស់លាស់។
ជនបរទេសចំនួន ០៩នាក់ខាងលើ សម្រេចប្រគល់ជូនស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ដ៕
