ភ្នំពេញ៖ 

យុវជនម្នាក់ បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ ចំណែកឯយុវជនម្នាក់ទៀត ជាអ្នកឌុបរងរបួសស្រាល ក្រោយពេលពួកគេជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះ រួចគេចពីរថយន្តមិនស្គាល់ម៉ាក បណ្ដាលឲ្យរអិលធ្លាក់អ្នកក្រោយ ហើយ ស្របពេលនោះ មានរថយន្តមួយគ្រឿងទៀតមកលឿនកិនពីលើចំដងខ្លួនជនរងគ្រោះបន្ថែម រួចបើករត់គេចខ្លួន តែត្រូវសមត្ថកិច្ចតាមឃាត់បាន វិញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវបេតុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញយុវជន២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1CU-8140 ឌុបគ្នាចេញពីធ្វើការធ្វើដំណើរតាមផ្លូវបេតុងទិសដៅពីជើងទៅត្បូង។

លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ ក៏បានជិះគេចពីរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បណ្តាលឲ្យរអិលធ្លាក់អ្នកអង្គុយពីក្រោយទៅកណ្តាលផ្លូវស្របពេលមានរថយន្តធន់ធំមួយគ្រឿងទៀតមិនស្គាល់ម៉ាក ធ្វើដំណើរលើផ្លូវបេតុងពីលិចទៅកើតក្នុងលឿនកិនចំដងខ្លួនជនរងគ្រោះបន្ថែម បណ្ដាលឲ្យស្លាប់នៅនិងកន្លែងៗ ចំណែកឯភាគី ជាអ្នកឌុប ។ សំណាងល្អ គ្រាន់តែរងរបួសស្រាលហើយរថយន្តក៏បានបន្តល្បឿនបើកគេចចេញពីចំណុចកើតហេតុ តែត្រូវសមត្ថកិច្ចតាមឃាត់បានរថយន្ត ចំណែកតៃកុង រត់គេចខ្លួនបាត់ ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចុះមកវាស់វែងយក ម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ៕