ភ្នំពេញ៖

ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធនិងករណី “កំហែងយកប្រាក់ និង គំរាមកំហែង ហែកកេរ្តិ៍” ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់។

តាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថាដោយអនុវត្តតាមបញ្ជាដឹកនាំ របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងតាមការចង្អុលណែនាំពីឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវពាក់ព័ន្ធនិងករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍” ក្រោមរូបភាពកម្ចីតាម អនឡាញខុសច្បាប់ និងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជនជាតិខ្មែរ (ស្រីចំនួន ០១នាក់)។

   តាមរយ:ការស្រាវជ្រាវ កម្លាំងជំនាញ កំណត់បានថាជនសង្ស័យបានប្រើប្រាស់គណនី ហ្វេសប៊ុកឈ្មោះ “Zeii Neth” (ហ្ស៉េ នែត) ជាមធ្យោបាយទាក់ទងជាមួយជនរងគ្រោះដើម្បីគំរាមកំហែង ហែកកេរ្តិ៍  និងកំហែងទារប្រាក់ពីជនរងគ្រោះ។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ខាងលើ នាយកដ្ឋានបានកសាងសំណុំរឿងបញ្ជូនទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ និង ត្រូវបានចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្នពីបទ«គំរាមកំហែងហែកកេរ្តិ៍» ដោយឃុំខ្លួននៅមណ្ឌល អប់រំកែប្រែទី១(ព្រៃស ម១) និង មណ្ឌលអប់កែប្រែទី២(ព្រៃស ម២)។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកដល់សាធារណជន សូមមេត្តា ពិនិត្យពិចារណាអោយបានហ្មត់ចត់ មុនសម្រេចចិត្តក្នុងការខ្ចីប្រាក់តាមរយ:អនឡាញ ជាពិសេស សូមពិនិត្យថាតើអ្នកផ្តល់កម្ចីនោះ មានស្ថាប័នកម្ចីស្របច្បាប់ដែរឬទេ មុននឹង សម្រេចចិត្តក្នុងការខ្ចី ជៀសវាងទទួលនូវហនិភ័យនានានៅពេលក្រោយ៕