បន្ទាយមានជ័យ៖
នៅថ្ងៃទី16 ខែមិថុនា ឆ្នាំ2026 លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីចម្រុះ ចុះពិនិត្យទំនិញថៃ នៅតាមផ្សារអគ្គៈ និងផ្សារត្រី ក្រោយពីបានធ្វើការណែនាំ មិនឲ្យអាជីវករ ដាក់តាំងលក់ទំនិញជាផលិតផលថៃ។
លោក អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា៖ក្រោយពីធ្វើការពិនិត្យនៅព្រឹកថ្ងៃទី16 ខែមិថុនា ឆ្នាំ2026 បន្ទាប់ពីរដ្ឋបាលក្រុងប៉ោយប៉ែតបានធ្វើការណែនាំរួចមក ឃើញថា អាជីវករលក់ដូរ នៅតាមផ្សារ បានចូលរួមពហិការបានយ៉ាងល្អ គឺមិនដាក់តាំងលក់ទំនិញ ថៃ និងធ្វើការទូទាត់តម្លៃជាប្រាក់រៀលខ្មែរ។
ដើម្បីធានាបាននូវសុខសុវត្ថភាពចំណីអាហារ អាជ្ញាធរ មន្ត្រីជំនាញកបប និងមន្ត្រីជំនាញ ពាណិជ្ជ ក៏បានចុះមកធ្វើតេស្តគុណភាពបន្លែ ត្រី សាច់ ឃើញថាមិនមានសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកទទួលទានឡើយ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បញ្ជាក់បន្ថែមថា៖សកម្មភាពនេះ អាជ្ញាធរ និងមន្ត្រីជំនាញនឹងអនុវត្តជាប្រចាំ បើរកឃើញ នឹងអនុវត្តវិធានការ។
ជាក់ស្តែង កាលពីថ្ងៃទី15 ខែមិថុនា 2026 អាជ្ញាធរក្រុងប៉ោយប៉ែតសហការជាមួយមន្ត្រីចម្រុះចុះពិនិត្យនៅ ឃ្លាំង២កន្លែង ហើយ មួយកន្លែងនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារ កណ្តាល បិទជាបណ្តោះអាសន្ន ដោយម្ចាស់មិនសហការ ដែលសង្ស័យលួចនាំទំនិញចូលពីប្រទេសថៃមកស្តុក ទុកលក់នៅក្រុងប៉ោយប៉ែត បានប្រគល់ជូនមន្ត្រីជំនាញ មានមន្ត្រីគយនិងរដ្ឋករ មន្ត្រីក.ប.ប ដើម្បីត្រួតពិនិត្យគុណភាព និងរកសារធាតុដែលប៉ះពាល់សុខភាព ហើយស្រាវជ្រាវរក ប្រភពនាំចូលអោយបានជាក់លាក់ និងមានវិធានការតាមច្បាប់៕
