ក្មេងប្រុសចំនួន៣នាក់ នាំគ្នាទៅលេងទឹក បណ្តាលឲ្យក្មេងប្រុសម្នាក់លង់ ស្លាប់និង២នាក់ ទៀតនៅមានជីវិត
ភ្នំពេញ៖
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈមានក្មេងប្រុស អាយុ៨ឆ្នាំម្នាក់ បានលង់ស្លាប់នៅក្នុងស្រះទឹកមួយកន្លែងក្នុងបរិវេណបឹងកក់ ចំណែកក្មេងប្រុស២នាក់ទៀតនៅមានជីវិត ក្រោយពេលពួកគេ បាននាំគ្នាចុះទៅលេងទឹកនៅក្នុងស្រះនោះ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងតាំងពីវេលាម៉ោង៣ រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ចំណុចនៅក្នុងបរិវេណបឹងកក់ សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។
បើតាមការបញ្ជាក់ពីក្មេងប្រុសនៅមានជីវិត បានអោយដឹងថានៅមុនពេលកើតហេតុ ពួកគេមានគ្នា៣នាក់ ចេញពីផ្ទះ រួចនាំគ្នាទៅលេងទឹកស្រះនៅក្នុងតំបន់បឹងកក់ ។
ក្រោយមក ស្រាប់តែក្មេងរងគ្រោះបានយកក្តារ១សន្លឹកចុះទៅលេងទឹកមុន បន្ទាប់មក ក៏លិចក្តានោះ បណ្តាលឲ្យក្មេងប្រុសរងគ្រោះខាងលើ លិចទៅតាមក្រោយនៅក្នុងស្រះទឹកនោះតែម្តងទៅ។
ភ្លាមនោះដែរ ក្មេងប្រុស២នាក់នៅមានជីវិត បានស្រែកអោយអ្នកក្បែរខាង ជួយនិងរត់ទៅ ប្រាប់ឪពុកម្តាយរបស់ក្មេងរងគ្រោះអោយមកជួយផងដែរ ។ ក្រោយទទួលដំណឹងខាងលើ ឪពុកម្ដាយក្មេងរងគ្រោះនិងបងប្អូនសាច់ញាតិជិតខាង ក៏នាំគ្នារត់មកជួយរុករកនៅ ទីតាំងកើតហេតុ ពីវេលាម៉ោង ៣ រសៀលរហូតមកដល់វេលាម៉ោង១០:៣០នាទីយប់ នៅតែរកមិនឃើញក្មេងនោះឡើយ។ បច្ចុប្បន្ន ក្មេងរងគ្រោះខាងលើ នៅមិនទាន់រុករកឃើញនៅឡើយ៕