ភ្នំពេញ៖

យុវសិស្សថ្នាក់ទី ១២ នៃវិទ្យាល័យចំណេះដឹងទូទៅនិងបច្ចេកទេសហ៊ុនសែនជម្ពូវ័នម្នាក់ បានជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រែកព្នៅហៅស្ពានលីយ៉ុង ផាត់ បណ្ដាលឱ្យលិចបាត់បន្សល់ទុកតែស្បែកជើង  ម៉ូតូ១គ្រឿង កាបូបរៀននិងបណ្តាំ ៣សន្លឹក នៅលើស្ពាន។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង១៥នាទីល្ងាចថ្ងៃទី ១៧ ខែមិថុនាឆ្នាំ២០២៦នៅលើស្ពានព្រែកព្នៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ យុវសិស្សរូបនោះ ឈ្មោះហេង ចាន់ដារិតភេទស្រីអាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១២C2 វិទ្យាល័យចំណីដឹងទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូ វ័ន មានទីលំនៅផ្ទះលេខ៣៩៦ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។

តាមសាក្សីឱ្យដឹងថានៅមុនពេលកើតហេតុ គេឃើញនារីជាសិស្សសាលារូបនោះ បាន ជិះម៉ូតូម៉ាកប៊ិត ពាក់ស្លាកលេខភ្នំពេញ១LE១១៣១ ធ្វើដំណើរឡើងស្ពានព្រែកព្នៅ ក្នុងទិសដៅពីរលិចទៅកើត។ នៅពេលធ្វើដំណើរដល់ពាក់កណ្ដាលស្ពានក៏បានឈប់ម៉ូតូរួចលោតសម្លាប់ខ្លួនទៅក្នុងទន្លេបណ្តាលអោយលិចបាត់តែម្តង។

តាមព័ត៌មានឲ្យដឹងទៀតថានៅក្នុងហេតុការណ៍នោះ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលនៅពេលដែលបន្សល់ទុកស្បែកជើង, ម៉ូតូ១គ្រឿង ដោយនៅលើម៉ូតូ មានកាបូបរៀនមួយ។ បន្ទាប់ពីភ្ញាក់ផ្អើល នគរបាលមូលដ្ឋាន ក៏បានចុះទៅកន្លែងកើតហេតុធ្វើការត្រួតពិនិត្យ នៅក្នុងកាបូប ទើបដឹងពីអត្តសញ្ញាណជនរងគ្រោះ ជាក្មេងស្រីសិស្សសាលាវិទ្យាល័យជម្ពូវ័ន។ ទាក់ទិនការធ្វើអត្តឃាតនេះ គេពុំដឹងថាយុវសិស្ស រូបនោះមានវិបត្តិអ្វីឡើយ បានជាគិតខ្លី ហើយ ជិះម៉ូតូទៅលោភទឹកសម្លាប់ខ្លួនទាំងវ័យក្មេងបែបនេះ។

បើតាមលិខិតបណ្តាំបន្សល់ទុក យុវតីរូបនោះទំនងមានវិបត្តិគ្រួសារ បាក់ទឹកចិត្ត ខ្វះភាព កក់ក្តៅធ្វើអ្វីៗ ក៏ចេះតែទទួលការស្តីបន្ទោសពីឪពុកម្តាយ ជាហេតុធ្វើឲ្យនាងគិតខ្លីបែបនេះ។ បន្ទាប់ពីកើតហេតុ ក៏ដឹងដល់ក្រុមគ្រួសារ ចុះទៅស្វែងរកសពផងដែរ៕