ភ្នំពេញ៖ 

នារីពីរនាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវរថយន្តសាមុយ ដឹកយកទៅសង្គ្រោះភ្លាមៗ ក្រោយពេលជិះម៉ូតូឌុបគ្នាលឿនឆ្លងទាំងបំពានស្តុបក៏ជ្រុលទៅបុករថយន្តបើកឆ្លងស្តុបខៀវ ចំពីមុខចំហៀងខាងស្ដាំ យ៉ាងពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទី យប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២០០៤ ក្នុងសង្កាត់ ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក TOYOTA VELLFIRE ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BG-7705 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីលិចទៅកើតឆ្លងស្តុបខៀវផ្លូវបំបែកជាបួន។

ខណៈពេលបើកឆ្លងដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែគេឃើញនារី២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកHONDA BEAT ពាក់ផ្លាកលេខភ្នំពេញ1LR-5272 ឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវ 2004 ទិសដៅពីលិចទៅកើតឆ្លងបំពានស្តុកក្រហមក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្តចំពីមុខជំហៀងខាងស្ដាំយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលរងរបួសធ្ងន់ទាំង០២នាក់។ ភ្លាមនោះ សមត្ថកិច្ច ក៏បានចុះមកដល់ និងនាំយកតៃកុងរថយន្តយកទៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី១ សួរនាំបន្ត។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌ ពោធិ៍សែនជ័យ ចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕