សមត្ថកិច្ចចម្រុះស្រុកឈូក ចុះត្រួតពិនិត្យឃ្លាំងស្តុកទំនិញ ៤កន្លែង រកឃើញស្ករស និងប៊ីចេងនាំចូលគ្មានច្បាប់អនុញ្ញាត

National • June 16, 2026
 សមត្ថកិច្ចចម្រុះស្រុកឈូក ចុះត្រួតពិនិត្យឃ្លាំងស្តុកទំនិញ ៤កន្លែង រកឃើញស្ករស និងប៊ីចេងនាំចូលគ្មានច្បាប់អនុញ្ញាត

កំពត៖

យោងតាមបទបញ្ជា និងកិច្ចចង្អុលការដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ កម្លាំងសមត្ថកិច្ចចម្រុះរដ្ឋបាលស្រុកឈូក ដឹកនាំដោយ លោក សៅ មឿន អភិបាលស្រុកឈូក រួមជាមួយសហការី បានចុះប្រតិបត្តិការត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញមួយចំនួន នៅក្នុងភូមិសាស្ត្រស្រុក។

ជាលទ្ធផលក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានរកឃើញទីតាំងស្តុកទំនិញចំនួន ៤កន្លែង ដែលស្ថិតនៅម្តុំផ្សារឈូក ភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។

ប្រភេទឃ្លាំង៖ ជាឃ្លាំងស្តុកទំនិញប្រភេទគ្រឿងទេស ភេសជ្ជៈ និងសម្ភារប្រើប្រាស់ជាច្រើនប្រភេទ។ទំនិញល្មើសច្បាប់៖ ក្នុងនោះក្រុមការងារបានរកឃើញទំនិញចំនួន ០២មុខ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងទើបតែនាំចូលពីប្រទេសថៃ រួមមាន៖

ស្ករស៖ ចំនួន ២៩ ប៉ាវ

ប៊ីចេង៖ ចំនួន ០៣ ប៉ាវ

ក្រោយការត្រួតពិនិត្យពីមន្ត្រីជំនាញ រដ្ឋបាលស្រុកបានណែនាំ និងស្នើឱ្យអាជីវករទាំងអស់ ត្រូវមានមនសិការស្នេហាជាតិ ព្រមទាំងតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការទិញ និងលក់ចែកចាយទំនិញគ្មានច្បាប់ទាំងនោះ នៅក្នុងភូមិសាស្ត្រស្រុកឈូកបន្តទៀត។

ប្រសិនបើអាជីវករនៅតែបន្តប្រព្រឹត្តល្មើសជាលើកទី២ រដ្ឋបាលស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ នឹងចាត់វិធានការដកហូតទំនិញទាំងនោះភ្លាមៗ ដោយគ្មានការលើកលែង និងត្រូវបញ្ជូនទៅទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការចុះរឹតបន្តឹង និងត្រួតពិនិត្យនេះ មានការចូលរួមសម្របសម្រួលបច្ចេកទេសពីស្ថាប័នជំនាញ និងកងកម្លាំងពាក់ព័ន្ធជាច្រើន រួមមាន៖

១. សាខាគយនិងរដ្ឋាករខេត្តកំពត

២. មន្ទីរពាណិជ្ជកម្មខេត្តកំពត

៣. សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកំពត

៤. ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធជាច្រើនរូបទៀត៕