កំពង់ស្ពឺ៖ 

ក្រុមក្មេងទំនើងចំនួន១៥នាក់ ត្រូវបានកម្លាំងនគរបាលក្រុងច្បារមន និងស្រុកភ្នំស្រួចធ្វើការឃាត់ខ្លួន កសាងសំណុំចាត់ការបន្តតាមផ្លូវច្បាប់ ខណៈដែលក្រុមក្មេងទំនើងតែងតែបង្កការអុកឡុក និងបង្ហោះម៉ូតូតាមទីសាធារណៈ។

ដោយអនុវត្ដតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯ.ឧ ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ដកំពង់ស្ពឺ និង ការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំនិងសហការស្រាវជ្រាវបង្រ្កាបករណីក្មេងទំនើង (បង្ហោះម៉ូតូ) និងកាន់កាប់ដឹកជញ្ជូនអាវុធ គ្មានការអនុញ្ញាត (កាំបិតផ្គាក់) កាលពីថ្ងៃទី៣០-ទី៣១ ខែឧសភា ឆ្នាំ២០២៦ ក្នុងភូមិសាស្រ្តក្រុងច្បារមន និងស្រុកសំរោងទង បានធ្វើការឃាត់ម៉ូតូចំនួន៦គ្រឿង  និងមនុស្សចំនួន១៥ នាក់, កាបិតផ្គាក់ចំនួន០២ដើម ,កាំបិតបុ័ងតោ ចំនួន០១ផងដែរ។

បច្ចុប្បន្ន ក្រុមក្មេងទំនើង ត្រូវបានធ្វើការសាកសួរនៅការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕