ភ្នំពេញ៖
បុរសម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ ក្រោយពេលដើរហាត់ប្រាណ ក៏មានរថយន្តមួយគ្រឿងម៉ាក LEXUS NX200T បើកដោយនារីម្នាក់ក្នុងល្បឿនលឿនទៅបុកយ៉ាងពេញទំហឹងអូសទៅមុខជាច្រើនម៉ែត្រ ហើយរថយន្ត បន្តទៅបុកដើមឈើ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣:៣០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយ ផ្លូវ លេខ២៧១ ក្នុងសង្កាត់ អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក LEXUS NX200T ពណ៌សមួយគ្រឿងពាក់ ផ្លាក លេខ ភ្នំពេញ 2BP-5191 បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។ លុះពេលបើកមកដល់ចំណុចកើតហេតុ ក៏រ៉េចង្កូតជ្រុលទៅបុកបុរសម្នាក់ដែលកំពុងតែដើរហាត់ប្រាណ បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ ហើយរថយន្ត បន្តទៅបុកផ្ទប់ដើមឈើទៅមុខលែងរួច រីឯនារីជាអ្នកបើកបរ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ។
បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាយចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្ន រង់ចាំការដោះស្រាយនៅពេលក្រោយ ។ ចំណែកឯសពជនរងគ្រោះ សមត្ថកិច្ច ធ្វើលិខិតប្រគល់ឲ្យសាច់ញាតិ យកទៅ ធ្វើបុណ្យតាមប្រពៃណី៕
