ភ្នំពេញ៖

ជនសង្ស័យប្រុសស្រី៣នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពដាក់ថ្នាំសណ្ដំយកម៉ូតូ បានជាបន្តបន្ទាប់ ចំនួន២គ្រឿង។

  តាមនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថាដោយអនុវត្តតាម បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០០និង១៥នាទីយប់អាធ្រាត លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរៈសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ត្រង់ចំណុចផ្លូវលេខ៤៧ កែងផ្លូវលេខ៩០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ពាក់ព័ន្ធនិងករណីលួច(ដាក់ថ្នាំសណ្ដំលួចម៉ូតូ) កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ត្រង់ចំណុចផ្ទះសំណាក់យីហោ ទីក្រុងបាក់ខែង ភូមិបាក់ខែង សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិក្រាំងពង្រ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

     ជនសង្ស័យរូបនោះ១.ឈ្មោះ ពេជ្រ លាភ ហៅ លីលួង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ,២.ឈ្មោះ ម៉ាល់ ស៊ីណាត ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរនិង៣ .ឈ្មោះ ចឺម ចន ហៅ ជេម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដកហូតម៉ូតូរបស់ជនរងគ្រោះចំនួន២គ្រឿង៖ ១.ម៉ាក ហុងដា ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាក លេខ ត្បូងឃ្មុំ ១M-៣១២០ បានប្រគល់ជូនជនរងគ្រោះវិញ,២.ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ ១Z-៦០៥៣ បានប្រគល់ជូនជនរងគ្រោះ។ 

បច្ចុប្បន្ន កម្លាំងជំនាញ កំពុងកសាងសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីបន្តតាមនីតិវិធី៕